(ក្រុងឡុងដ៍)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ប្រទេសជាសមាជិករបស់ខ្លួនបានសម្រេចបញ្ចេញប្រេងចំនួនជាង ៦០បារ៉ែល ដើម្បីរំងាប់តម្លៃដែលបានកើនឡើងខ្លាំងដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងចំណោមការបញ្ចេញប្រេងពីស្តុកបម្រុងសរុបចំនួន ៦១,៧លានបារ៉ែលនេះ សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងចំនួន ៣០លានបារ៉ែល ជប៉ុន ៧,៥លានបារ៉ែល កូរ៉េខាងត្បូង ៤,៤បារ៉ែល និងអាល្លឺម៉ង់ ៣,២លានបារ៉ែល។

សេចក្តីសម្រេចនេះបានធ្វើឡើងក្នុងគោលបំណងប៉ះប៉ូវដល់ការការអាក់ខានការផ្គត់ផ្គង់ ខណៈដែលការដាក់ទណ្ឌកម្មទៅលើផ្នែកខ្លះនៃសេដ្ឋកិច្ចរបស់រុស្ស៊ីបានបង្កឱ្យអ្នកទិញជាច្រើនគេចវេសពីការទិញប្រេងរបស់រុស្ស៊ី។

ទីផ្សារប្រេងដែលកំពុងជួបប្រទះភាពតានតឹងមិនរងឥទ្ធិពលពីដំណឹងនេះឡើយ ហើយផ្ទុយទៅវិញបានឡើងថ្លៃទៀងផងបន្ទាប់ពីមានការប្រកាសពីការបញ្ចេញស្តុកប្រេងនេះកាលពីថ្ងៃអង្គារ និងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ដល់ជិត ១២០ដុល្លារក្នុងមួយបារ៉ែល។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងនេះបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយចាប់តាំងពីមានសេចក្តីសម្រេចចិត្តនេះមក សមាជិកម្នាក់ៗរបស់ IEA បាននិងកំពុងពិចារណាថាតើខ្លួននឹងចូលរួមចំណែកបញ្ចេញប្រេងចំនួនប៉ុន្មានទៅនឹងផែនការឆ្លើយតបដែលបានប្រកាសនេះ ដោយយោងទៅតាមកាលៈទេសៈក្នុងស្រុករបស់ពួកគេ»។

IEA បានឱ្យដឹងទៀតថា៖ «ការប្តេជ្ញាចិត្តដែលបានដាក់ជូនដោយសមាជិកនីមួយៗសរុបមានច្រើនជាង ៦០លានបារ៉ែល ដែលនេះបង្ហាញពីសាមគ្គីភាពដ៏អស្ចារ្យ»

IEA គឺជាអង្គការមួយដែលតំណាងឱ្យប្រទេសមានឧស្សាហកម្មរីកច្រើនបំផុតចំនួន៣១ប្រទេស ប៉ុន្តែមិនមានប្រទេសរុស្ស៊ីទេ ហើយអង្គការមួយបានឱ្យដឹងថា ខ្លួនបើកចំហរចំពោះការបញ្ចេញប្រេងបន្ថែមទៀតពីស្តុកបើចាំបាច់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕