(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងបង្កឲ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-រុស្សី បើទោះបីជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំតិចតួចក៏ដោយ។

តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង៣០លានដុល្លារបើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួន៦៣.៨១លានដុល្លារអាមេរិក។ ទិន្នន័យនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅរុស្ស៉ីចំនួនជាង៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ ។

ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៊ុយក្រែន កាលពីឆ្នាំ២០២១វិញ មានជាង៨.៥៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអ៊ុយក្រែនចំនួនជាង ៦ លានដុល្លារ និងនាំចូលពីអ៊ុយក្រែនចំនួន ២.៤លានដុល្លារ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះលោក ស៊ាង ថៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សង្គ្រាមដែលកំពុងផ្ទុះនៅប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមានផលប៉ះពាល់ ជាអន្លើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-រុស្សី តែថាផលប៉ះពាល់កម្រិតណានោះ យើងមិនទាន់អាចវាយតម្លៃបាននៅពេលនេះទេ។ ទោះជាយ៉ាងណាក្ដី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បើតាមតួលេខឆ្នាំ២០២១ ស្ថិតក្នុងកម្រិតទាបនៅឡើយ»

លោកបានឱ្យដឹងផងដែរ បច្ចុប្បន្ននេះការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-រុស្ស៉ី មិនទាន់បានចាប់ផ្ដើមនៅឡើយទេ។ ប៉ុន្តែយ៉ាងក្តីនេះ កាលពីកន្លងទៅ កម្ពុជាបាន និងកំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ដែលមានប្រទេស៥ រួមមាន ប្រទេសអាមែននា បេឡារុស កាហ្សាក់ស្ថាន កៀហ្សីស៊ីស្ថាន និងរុស្ស៊ី។

នាជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៉ី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃ កម្ពុជាបានស្នើឲ្យភាគីរុស្សីជួយជំរុញដំណើរការចរចារវាងកម្ពុជា-EAEU ឲ្យបានឆាប់ចប់ផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បើទោះបីជាកម្ពុជាមិនមានភាពល្អក់កករជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែតាមរយៈការដាក់ទណ្ឌកម្មផ្សេងៗ ពីបណ្តាប្រទេសនានា ជាពិសេសអាមេរិក និងអឺរ៉ុប នឹងអាចបង្កជាឧបសគ្គដល់ការនាំចេញទំនិញពីកម្ពុជាទៅរុស្ស៊ី និងប្រទេសនៅអឺរ៉ុបខាងកើត។ ជាមួយគ្នានេះ សង្រ្គាមនេះក៏នឹងធ្វើឱ្យការចរចា ធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសអឺរ៉ុបខាងកើត អាចនឹងត្រូវជួបឧបសគ្គ ឬអាក់ខាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានសម្តែងនូវការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ពីការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ថែមពីលើវិបត្តិកូវីដ១៩ ដោយសារកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក ដែលរុញច្រានឲ្យមានការកើនឡើងអតិផរណា៕