(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សា ការងារជាមួយលោក Dato’ Seri Mohamed Azmin Ali ទេសចរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី និងសហការី នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។

លោករដ្ឋមន្រ្តី បានសម្តែងនូវគាវរកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកទេសរដ្ឋមន្រ្តី និងសហការី ក្នុងអំទ្បុងនៃដំណើរទស្សនកិច្ចផ្លូវការ របស់លោក Dato’ Sri Ismail Sabri bin Yaakob នាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី នៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគី យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃការប្រារព្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ី ក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយ ដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសាទរចំពោះកំណើនពាណិជ្ជកម្មដ៏រឹងមាំ ដែលភាគីទាំងពីរសម្រេចបាន ក្នុងកាលៈទេសៈ នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិក អាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីតួនាទីដ៏សំខាន់ របស់វិស័យឯកជនក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវច្បាប់សំខាន់ៗ រួមមានជាអាទិ៍ ច្បាប់ស្តីពីភាព ជាដៃគូរវាងរដ្ឋ-ឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដើម្បីគាំទ្រ និងសម្រួលដល់ វិស័យឯកជន។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យភាគីម៉ាទ្បេស៊ី បន្តជំរុញ និងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស ផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី បានចូលរួមអបអរសាទរ នូវការរំលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ហើយប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

លោកទេសរដ្ឋមន្រ្តីបន្តថា កម្ពុជានៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ម៉ាទ្បេស៊ី ក្នុងខ្សែច្រវាក់ផ្តត់ផ្គង់តំបន់ ហើយនឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបតិ្តការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។

ក្នុងនោះផងដែរ លោកទេសរដ្ឋមន្រ្តី បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ ហើយបានបញ្ជាក់ពីគោលបំណងក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដើម្បីចូលរួមចំណែកបង្កើន ឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជា ដើម្បីទាញអត្ថប្រយោជន៍ ជាអតិបរមា ពីកិច្ចព្រមព្រៀងអាសិប ដែលបានចូលជាធរមាន កាលពីខែមករា ឆ្នាំ២០២២ កន្លងមក។

លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំ អនុស្សរណៈយោគយល់គ្នារលើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា និងផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត។

លោកទេសរដ្ឋមន្រ្តី ជម្រាបជូនផងដែរថា ម៉ាឡេស៊ី និងសហការជាមួយភាគីពាក់ព័ន្ធ ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិ លើវិស័យផលិតកម្មម្ហូបហាទ្បាល់ និងផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលផលិតកម្ម ម្ហូបអាហារហាទ្បាល់ នៅកម្ពុជាផងដែរ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកទេសរដ្ឋមន្រ្តី Mohamed Azmin Ali បានថ្លែងអបអរសាទរកម្ពុជា ដែលបានជ្រើសរើស នូវមូលបទ (ASEAN : Addressing Challenges Together) ដែលត្រូវទៅនឹងភាពចាំបាច់ នៃស្ថានភាពបច្ចុប្បន្ន ជាពិសេសបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ផ្តល់គាំទ្រយ៉ាងពេញលេញ ចំពោះលោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ ហើយសង្ឃឹមយ៉ាងមុតមាំថា អាស៊ាននឹងអាចសម្រេចបាន នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត៕