(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្មតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំស្វះស្វែងរក គ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះ ឲ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅផែនការសកម្មភាព ឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំអនុវត្ត និងសម្រេចការងារ ក្នុងឆ្នាំកន្លងមក និងរៀបចំគោលដៅ សម្រាប់ឆ្នាំខាងមុខ បន្តទៀត។

លោករដ្ឋមន្ត្រីបន្តថា សហព័ន្ធស្រូវអង្ករកម្ពុជា បានដើរយ៉ាងសំខាន់ ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា និងបានធ្វើការងារ យ៉ាងជិតស្និទ្ធិ ជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាស្ថិរភាពតម្លៃអង្ករលើទីផ្សារក្នុងស្រុក តួយ៉ាងនៅក្នុងតំបន់បិទខ្ទប់ ក្នុងកាលៈទេសៈកូវីដ១៩កន្លងមក ព្រមទាំងបានរួមចំណែកក្នុងចលនា សម្របសម្រួលដល់ការនាំចេញ។

ជាក់ស្តែងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងបានរៀបចំឲ្យមានការសិក្សាស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីពីថ្លៃដើមពីការផលិតរហូត ដល់ការនាំចេញអង្ករទៅទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា ដោយអូស្ត្រាលី (CAVAC) ដែលការសិក្សានេះ នឹងក្លាយជាមូលដ្ឋានចំាបាច់ សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឲ្យវិស័យស្រូវអង្ករកម្ពុជាយើង កាន់តែមានភាពប្រកួតប្រជែង។

ម្យ៉ាងទៀត យោងតាមការស្នើសុំពីសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំជួយ ដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឲ្យបាននូវការបន្តជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន០៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធ តាមសេចក្តីប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលមុខទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការចរចាទ្វេរភាគីជាមួយប្រទេសនានា ជាពិសេសជាមួយប្រទេសចិន ដែលជាទីផ្សារកំពុងទទួលកំណើន សម្រាប់ការនាំចេញអង្ករកម្ពុជា ពោលគឺគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់ ៥០% ក្នុងឆ្នាំ២០២១ ហើយក្នុងឆ្នាំ២០២២ នេះអាចនឹងបន្តកើនឡើងថែមទៀត។

កំណើននេះ គឺដោយសារមានការប្តេជ្ញាចិត្តខ្ពស់ពីភាគីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ក្នុងបរិមាណចំនួន៤០ម៉ឺនតោន ដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទាល់ បានទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយចាប់អនុវត្តពីខែមករា ឆ្នាំ២០២២នេះតទៅ។

អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបើកផ្លូវឲ្យការនាំចេញអង្ករកម្ពុជា ប្រព្រឹត្តទៅបានរលូន ដែលបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថា ការនាំចេញអង្ករទៅប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២២នេះ គឺស្មើជាង៥០% នៃការនាំចេញអង្ករសរុប។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្មមិនត្រឹមតែគិតគូរ លើការនាំចេញស្រូវអង្ករតែមួយជ្រុងប៉ុណ្ណោះទេ ក្រសួងក៏បានខិតខំជួយដល់កសិករខ្នាតតូច ឲ្យរៀបចំខ្លួនឲ្យបានកាន់តែប្រសើរឡើង ជាពិសេសការជួយជំរុញឲ្យមាន កិច្ចសន្យាកសិកម្មរវាងកសិករខ្នាតតូចជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលបានកំពុងអនុវត្តតាមរយៈគម្រោង AIMs និងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ផងដែរ។

លោករដ្ឋមន្ត្រីបានដាក់ជូននូវអនុសាសន៍ណែនាំមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការ និងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត មានដូចខាងក្រោម៖

១៖ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង អនុវត្តឲ្យបានខ្ជាប់ខ្លួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងក្រមសីសធម៌ឲ្យបានល្អ រវាងសមាជិកសហព័ន្ធទាំងអស់ ដើម្បីជាកម្លាំងបំពេញឲ្យគ្នាទៅវិញទៅមក លើការផ្គត់ផ្គង់សម្រាប់ការនាំចេញ និងការដោះស្រាយបញ្ហាប្រឈមនានា។

២៖ ពិចារណាលើការរៀបចំ ឲ្យមានការរួបរួមលើយន្តការនាំចេញរួម តាមរបៀបក្រុមហ៊ុនសហព័ន្ធរួម (Export Consortium) សម្រាប់ទីផ្សារធំៗ ដែលមានតម្រូវការបរិមាណច្រើន ដែលយន្តការនេះ ធ្លាប់មានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងទទួលការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពាក់កណ្តាលឆ្នាំ២០១៩ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៣ នៃសហព័ន្ធស្រូវអង្ករកម្ពុជា កន្លងទៅ។

៣៖ បន្តធ្វើការជាមួយអង្គការដៃគូអន្តរជាតិ និងស្ថាប័នមានសមត្ថកិច្ចនានា រៀបចំនូវម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រ និងម៉ាកសម្គាល់រួម លើប្រភេទអង្ករផ្សេងៗ ដែលឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តទីផ្សារ ហើយដែលក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការលើការងារនេះ។

៤៖ បន្តសហការជិតស្និទ្ធជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម ដើម្បីទប់ស្កាត់អតិផរណាតម្លៃស្រូវអង្ករ សំដៅធានាបានការផ្គត់ផ្គង់ និងសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋ។

៥៖ បន្តចូលរួមយ៉ាងសកម្មជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីនាំយកនូវប្រភេទអង្ករ និងផលិតផលធ្វើអំពីអង្ករ ដែលមានម៉ាក និងបានចុះបញ្ជីច្បាស់លាស់ដែលមានស្រាប់ និងលេចរូបរាងឡើងនាពេលខាងមុខ ក្នុងការដាក់តាំង ឲ្យមានភាពលេចធ្លោ និងការដាំបាយបង្ហាញ ដូចបានធ្វើកន្លងមកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមកន្លងមក។

៦៖ ពិភាក្សាជាមួយសមាគមន៍ ឬសហព័ន្ធនៃបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន ដើម្បីពិចារណា និងឈានទៅបង្កើត សហព័ន្ធស្រូវអង្ករអាស៊ានមួយ ដែលអាចងាយស្រួលធ្វើការទំនាក់ទំនង និងការស្វែងរកទីផ្សារ ជាមួយគ្នាផងដែរ៕