(រីយ៉ាដ)៖ ក្រុមរដ្ឋមន្ត្រីរបស់ប្រទេសផលិតប្រេងនៅអារ៉ាប់បានឱ្យដឹងថា ក្រុមប្រទេសផលិតប្រេង OPEC+ គួរតែប្រកាន់ខ្ជាប់ទៅនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួនស្តីពីការដំឡើងទិន្នផលប្រេង ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលើកឡើងរបស់ក្រុមរដ្ឋមន្ត្រីរបស់ប្រទេសផលិតប្រេងទាំងនេះធ្វើឡើងខណៈពេលដែលពួកគេបានជួបប្រជុំគ្នាក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃអាទិត្យ ហើយការលើកឡើងនេះក៏ច្រានចោលការអំពាវនាវឱ្យមានការបូមប្រេងបន្ថែមទៀតដើម្បីបន្ធូរបន្ថយសម្ពាធលើតម្លៃប្រេងផងដែរ។

ប្រទេសជាសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ី ដែលរួមគ្នាហៅថា OPEC+ កាលពីថ្ងៃទី២ ខែកុម្ភៈបានព្រមព្រៀងរក្សាកិច្ចព្រមព្រៀងបង្កើនទិន្នផលប្រេងរបស់ពួកគេនៅដដែល ដោយលើកឡើងពីភាពមិនប្រាកដប្រជារ៉ាំរ៉ៃ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់បន្ទូលរបស់ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងសន្និសីទស្តីពីឧស្សាហកម្មប្រេងក្នុងទីក្រុងរីយ៉ាដថា ការរាតត្បាតជំងឺ និងការស្ទុះងើបឡើងវិញដែលកំពុងកើតមានឡើង «បានបង្រៀនយើងអំពីគុណតម្លៃនៃការប្រុងប្រយ័ត្ន»។

ព្រះអង្គម្ចាស់ Abdulaziz មានព្រះបន្ទូលថា៖ «ការប្រុងប្រយ័ត្ន ជាពាក្យមួយដែលខ្ញុំដឹងថាមនុស្សជាច្រើនស្អប់ខ្ញុំ ប៉ុន្តែខ្ញុំនឹងបន្តប្រុងប្រយ័ត្ន និងប្រយ័ត្នប្រយែងចំពោះតម្រូវការក្នុងការទប់ស្កាត់ភាពបត់បែនក្នុងយុទ្ធសាស្រ្តរបស់យើង និងការជ្រើសយកចក្ខុវិស័យរយៈពេលវែង»។

ការថ្លែងរបស់ព្រះអង្គម្ចាស់បានធ្វើឡើងនៅឯសន្និសីទមួយដែលមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ កូវ៉ែត និងរដ្ឋមន្ត្រីក្រសួងប្រេងកាតរបស់ប្រទេសអេហ្សីប។

សម្ព័ន្ធ OPEC+ កំពុងជម្នះសម្រេចបានទិសដៅដែលមានស្រាប់នានា និងកំពុងស្ថិតក្រោមសម្ពាធពីប្រទេសប្រើប្រាស់ប្រេងធំៗ ដែលកំពុងអំពាវនាវឱ្យបូមប្រេងបន្ថែមទៀតដើម្បីទប់ស្កាត់កំណើនតម្លៃក្នុងគ្រាដែលមានការភ័យខ្លាចថាអាចកើតមានការអាក់ខានការផ្គត់ផ្គង់ប្រេងដោយសារវត្តមានយោធារបស់រុស្ស៊ីនៅព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃពុធសប្តាហ៍មុន ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានជំរុញឱ្យ OPEC+ បង្រួមគម្លាតរវាងទិសដៅផលិតកម្មប្រេងរបស់ខ្លួន និងទិន្នផលជាក់ស្តែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕