(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចេញបញ្ជាប្រតិបត្តិមួយក្នុងពេលឆាប់ៗនេះ ដែលនឹងហាមឃាត់សកម្មភាពសេដ្ឋកិច្ចរវាងជនជាតិអាមេរិក និងតំបន់បំបែកខ្លួនចំនួនពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទទួលស្គាល់ថាជាទឹកដីឯករាជ្យកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មនរ៉យទ័រ។

ការទទួលស្គាល់របស់លោក Putin ចំពោះតំបន់ Donetsk និង Luhansk ដែលកាន់កាប់ដោយពួកឧទ្ទាមនេះ អាចត្រួសត្រាយផ្លូវឱ្យទីក្រុងម៉ូស្គូបញ្ជូនកងកម្លាំងយោធាទៅក្នុងតំបន់ទាំងពីរនេះ និងលើកឡើងថា វាជាការអន្តរាគមន៍ក្នុងនាមជាសម្ព័ន្ធមិត្ត ដើម្បីការពារពួកគេពីប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយកស្រង់សំដីរបស់លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានថា៖ «យើងបានរំពឹងថានឹងកើតមានវិធានការបែបនេះពីប្រទេសរុស្ស៊ី ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបភ្លាមៗ។ លោកប្រធានាធិបតី Biden ឆាប់ៗនេះនឹងចេញបញ្ជាប្រតិបត្តិមួយដែលនឹងហាមឃាត់ការវិនិយោគ ពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានថ្មីដោយជនជាតិអាមេរិកទៅ មក ឬក្នុងតំបន់ Donetsk និង Luhansk របស់អ៊ុយក្រែន»។

លោកស្រី Psaki បន្ថែមថា បទបញ្ជានេះក៏នឹង «ផ្តល់អំណាចឱ្យដាក់ទណ្ឌកម្មលើជនណាម្នាក់ដែលចង់ប្រតិបត្តិការក្នុងតំបន់ទាំងនោះរបស់អ៊ុយក្រែនផងដែរ»។

លោកស្រីថ្លែងទៀតថា វិធានការបន្ថែមទៀតនឹងមកដល់ឆាប់ៗនេះហើយវិធានការទាំងនេះជាវិធានការដាច់ដោយឡែកពីការដាក់ទណ្ឌកម្មដែលសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តបាននិងកំពុងរៀបចំធ្វើឡើង បើរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕