(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា ប្រទេសចិននឹងដាក់ចេញផែនការកាត់បន្ថយពន្ធនិងកម្រៃសេវាក្នុងទំហំធំជាងមុននៅឆ្នាំនេះ និងពន្លឿនការបញ្ចេញថវិកាជូនរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ដើម្បីប៉ះប៉ូវដល់ប្រាក់ចំណូលដែលរងប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក្នុងគ្រាដែលមានកិច្ចប្រឹងប្រែងដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងស្ទុះងើបយឺត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Liu Kun រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន ដែលបានថ្លែងក្នុងសនិ្នសីទកាសែតមួយថា នៅឆ្នាំ២០២២ ការកាត់បន្ថយពន្ធនិងកម្រៃសេវានឹងមានទំហំធំជាងឆ្នាំ២០២១ ដែលនៅឆ្នាំមុននេះមាន ១,១ទ្រីលានយ័ន (១៧៣,៥៦ប៊ីលានដុល្លារ)។

លោក Liu មិនបានបញ្ជាក់ពីទំហំកាត់បន្ថយពន្ធនិងកម្រៃសេវាសម្រាប់ឆ្នាំ២០២២នេះទេ។

លោក Liu មានប្រសាសន៍ថា៖ «នៅឆ្នាំនេះ រដ្ឋាភិបាលថ្នាក់កណ្តាលនឹងបង្កើនទំហំផ្ទេរថវិកាយ៉ាងច្រើន ជាពិសេសការផ្ទេរថវិកាទូទៅ និងបន្តបង្កឱ្យមានភាពអំណោយផលដល់តំបន់ដែលជួបការលំបាក និងតំបន់ដែលខ្វះការអភិវឌ្ឍ»

លោករដ្ឋមន្ត្រីថ្លែងទៀតថា ការផ្ទេរថវិកាដែលគ្រោងធ្វើឡើងទៅឱ្យរដ្ឋាភិបាលថ្នាក់មូលដ្ឋានេះ នឹងជួយប៉ះប៉ូវយ៉ាងខ្លាំងដល់ផលប៉ះពាល់ដែលបង្កឡើងពីការកាត់បន្ថយពន្ធ និងកម្រៃសេវាទៅប្រាក់ចំណូលរបស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ លោកបន្ថែមថា ការផ្ទេរថវិកានេះមានចំនួន ៨ទ្រីលានយ័ននៅឆ្នាំ២០២១។

ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏ខ្លាំងរបស់ប្រទេសចិនពីការធ្លាក់ចុះខ្លាំងដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ បានចាប់ផ្តើមបាត់បង់សន្ទុះកាលពីពាក់កណ្តាលឆ្នាំមុន ដោយសារបញ្ហាបំណុលក្នុងទីផ្សារអចលនទ្រព្យ និងវិធានការទប់ស្កាត់កូវីដតឹងរ៉ឹងដែលប៉ះពាល់ដល់ទំនុកចិត្ត និងការចំណាយរបស់អតិថិជន។

លោក Liu បានទទួលស្គាល់ពីផលវិបាលនៃការកើនឡើងការចំណាយដើម្បីជំរុញសេដ្ឋកិច្ចក្នុងគ្រាដែលមានការធ្លាក់ចុះកំណើនប្រាក់ចំណូលសារពើពន្ធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕