(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្សាយផ្ទាល់តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក៏ដូចជាផ្សព្វផ្សាយ ច្បាប់ស្ដីពីវិនិយោគថ្មីជូន វិនិយោគិនឥណ្ឌូនេស៊ីនៅកម្ពុជា និងនៅក្រៅប្រទេស។

លោក ស៊ូឌារម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានសម្តែងអំណរសាទរ ចំពោះសមិទ្ធផលថ្មីៗមួយចំនួន ដែលរាជដ្ឋាភិបាលកម្ពុជាសម្រេចបាន ដូចជាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងអត្រាមួយខ្ពស់គួរឱ្យកត់សម្គាល់ ដែលបានធ្វើឱ្យស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ តាមរយៈការអនុម័តច្បាប់ស្តីពីវិនិយោគថ្មី ដែលត្រូវបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

លោកបានវាយតម្លៃខ្ពស់ ចំពោះការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សំដៅធានាសុខសន្តិភាព ក្នុងតំបន់ដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ និងទាក់ទាញវិនិយោគមកកាន់តំបន់ ជាពិសេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា ដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជំរុញការវិនិយោគឥណ្ឌូនេស៊ី មកកម្ពុជាបន្ថែមទៀត។

លោក លូហ៊ូត ប៊ិនសារ ប៉ានជ័យតាន់ រដ្ឋមន្ត្រីសម្របសម្រួលវិនិយោគ និងកិច្ចការសមុទ្រនៃឥណ្ឌូនេស៊ី បានកត់សម្គាល់នូវភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រវាងឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ លោកបានកោតសរសើរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមអភិក្រមបុរេសកម្មក្នុងការជំរុញ, ផ្តល់កិច្ចសម្រួល, ការធានា, ការការពារ និងការថែទាំវិនិយោគ ឱ្យបានគ្រប់ជ្រុងជ្រោយ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនឥណ្ឌូនេស៊ី ដែលបានបណ្តាក់ទុននៅកម្ពុជានាពេលកន្លងមក និងបានបង្ហាញនូវសុទិដ្ឋិនិយម លើសក្តានុពលនៃការវិនិយោគមកពីប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន ស្របពេលនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបើកទីផ្សារដល់កម្ពុជាបន្ថែមទៀតដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

នាឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូក៏បានបញ្ជាក់ថា អត្រាប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាជាអត្រាមួយខ្ពស់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងក្នុងសាកលលោក ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការប្រទេសពេញលេញ លើគ្រប់វិស័យ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនូវ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ -២០២៣ ដោយឈរលើសសរស្តម្ភចំនួន ៣ (3Rs) គឺ ១-ការស្តារឡើងវិញ (Recovery) ២-ការកែទម្រង់ (Reform) និង ៣-ការកសាងភាពធន់ (Resilience)។

លោកជឿជាក់ថា តាមរយៈកិច្ចសន្ទនាក្នុងឱកាសនេះ សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីបានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់ ស្តីពីវិនិយោគថ្មី ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោករដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ ជូនវិនិយោគិននានា ជាពិសេសវិនិយោគិនឥណ្ឌូនេស៊ី ដែលសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕