(ហាណូយ)៖ តម្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនឡើងដល់កកម្រិតខ្ពស់បំផុតថ្មីមួយនៅថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃ ៥លើកជាប់គ្នា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា តម្លៃប្រេងសាំងប្រភេទ RON 95 បានកើនឡើង ៣,៧៩ភាគរយដល់ ២៦.២៨០ដុង (ប្រហែល ១,១៥៤ដុល្លារ) ក្នុងមួយលីត្រ ខណៈដែលប្រេងជីវឥន្ធនៈប្រភេទ E5 RON 92 បានកើនឡើង ៣,៩ភាគរយដល់ ២៥.៥៣០ដុង (ប្រហែល ១,១២២ដុល្លារ)។

តម្លៃទាំងនេះបានកើនឡើងខ្ពស់ជាងកម្រិតខ្ពស់បំផុតដែលធ្លាប់បានកើតមាននៅខែកក្កដា ឆ្នាំ២០១៤។ ការដំឡើងតម្លៃប្រេងឥន្ធនៈនៅថ្ងៃចន្ទគឺជាការដំឡើងលើកទី៥ជាប់គ្នាគិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១មក។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាម ដែលទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈវៀតណាមបានឱ្យដឹងថា តម្លៃរបស់សមាសធាតុប្រេងបានកើនឡើងជិត ៦ភាគរយគិតចាប់ពីថ្ងៃទី១១ ខែកុម្ភៈរហូតមកដល់ពេលនេះ។

ទន្ទឹមនឹងនេះដែរ តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះតិចតួច ខណៈដែលដំណឹងអំពីកិច្ចប្រឹងប្រែងផ្នែកការទូតថ្មីៗដើម្បីដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែនបានរំងាប់ក្តីបារម្ភមួយចំនួនអំពីការផ្គត់ផ្គង់ប្រេង។

អាជ្ញាធរវៀតណាមបានធ្វើការកែសម្រួលតម្លៃប្រេងឥន្ធនៈនៅថ្ងៃទី១ ទី១១ ឬទី២១ នៃខែកុម្ភៈ ដើម្បីឱ្យការកែសម្រួលតម្លៃនេះឆ្លុះបញ្ចាំងទៅនឹងការប្រែប្រួលតម្លៃប្រេងពិភពលោក បន្ទាប់ពីពន្យាពេលកែសម្រួលតម្លៃកន្លងមក។

អាជ្ញាធរគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចូលប្រេង និងសាំងចំនួន ៦,៩៦លានតោននៅឆ្នាំ២០២១ ធ្លាក់ចុះ ១៥,៥ភាគរយធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមកាសែត VN Express៕