(បាងកក)៖ ទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលថៃបានឱ្យដឹងថា ទីផ្សារអចនលទ្រព្យរបស់ប្រទេសថៃ អាចមិនវិលត្រលប់ទៅកាន់កម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ នោះទេរហូតដល់ឆ្នាំ២០២៤ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពយឺតយ៉ាវជាងការរំពឹងទុក ក្នុងគ្រាដែលមានការផ្ទុះជំងឺសាជាថ្មី និងអតិផរណាខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីខែវិច្ឆិកា ឆ្នាំមុន មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់រដ្ឋាភិបាលថៃបានព្យាករថា ទីផ្សារអចនលទ្រព្យថៃនឹងវិលមករកភាពប្រក្រតីវិញនៅឆ្នាំ២០២៣ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានកម្ចីទិញផ្ទះ ដើម្បីស្តារវិស័យសំខាន់មួយនេះឡើងវិញ ដែលវិស័យនេះមានចំណែកប្រហែល ១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ និងផ្តល់ការងារដល់ប្រជាជន ២,៨លាននាក់។

ប៉ុន្តែលោក Vichai Viratkapan ប្រធានមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បានថ្លែងថា ការផ្ទុះជំងឺកូវីដ-១៩ជាថ្មីដែលជំរុញដោយវីរុសប្រភេទថ្មីអូមីក្រុង ដែលបានកើតមានឡើងកាលពីឆ្នាំមុន បានធ្វើឱ្យសកម្មភាពក្នុងស្រុកមានភាពយឺតយ៉ាវ។

លោកមានប្រសាសន៍ថា៖ «ការកើនឡើងអតិផរណា ក៏កំពុងប៉ះពាល់ដល់ប្រាក់ចំណូលនិងអំណាចទិញរបស់ប្រជាពលរដ្ឋផងដែរ»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អតិផរណាក្នុងប្រទេសថៃបានកើនឡើងដល់ ៣,២៣ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៩ខែនៅខែមករា។

ទោះជាយ៉ាងណាលោកថ្លែងថា វិស័យអចលនទ្រព្យបានធ្លាក់ចុះដល់កម្រិតទាបបំផុតហើយ ហើយគួរតែត្រូវបានគាំទ្រឡើងវិញដោយការបន្ធូរបន្ថយវិធាននានា និងវិធានការរបស់រដ្ឋាភិបាល។ លោកបន្ថែមថា ចំនួនផ្ទះនិងអាផាតមិនដែលសង់ថ្មី ត្រូវបានរំពឹងថានឹងកើនឡើង ៣៥ភាគរយដល់ ១០៥.០០០យូនីតនៅឆ្នាំនេះ។

ប៉ុន្តែតម្រូវការពីអតិថិជនបរទេសនឹងនៅតែមានកម្រិតទាបនៅឆ្នាំនេះ ដោយសារការផ្ទុះជំងឺកូវីដ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕