(ភ្នំពេញ)៖ លោក នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានពន្យល់ពីចំណូលដែលទទួលបាន ពីវិស័យរ៉ែមាសនៅកម្ពុជា។

លោក នេត មុន្នី បានឲ្យដឹងថា ពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រមូលចំណូលក្រសួងរ៉ែ និងថាមពល គឺជាក្រសួងមានសមត្ថកិច្ច ក្នុងការចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ដើម្បីស្វែងរុករក និងធ្វើអាជីកម្មរ៉ែមាស នៅកម្ពុជា។

លោក នេត មុន្នី បានឲ្យដឹងទៀតថា ការប្រមូលចំណូលរ៉ែនេះ គឺមានប្រកាសអន្តរក្រសួង រវាងក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទាក់ទងនឹងការកំណត់ឈ្នួលដី និងអត្រាសួយសារ ដែលត្រូវបង់ចូលថវិការដ្ឋ។

បើតាមមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ ក្រសួងរ៉ែ គឺជាអ្នកប្រមូលចំណូលរ៉ែនេះផ្ទាល់ រួចហើយកត់ត្រាជាចំណូលរបស់ក្រសួងរ៉ែ និងថាមពល ដែលធ្វើជារបៀបក្រុមការងារអន្តរក្រសួង។

លោក នេត មុន្នី បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះកម្ពុជាមាន៧ក្រុមហ៊ុន ដែលធ្វើអាជីវកម្មរ៉ែ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល។

ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាសទាំង៧នោះ មាននៅក្នុងខេត្តរួមមាន៖ ខេត្តក្រចេះ ១ទីតាំង, ខេត្តព្រះវិហារ ២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ១ទីតាំង និងខេត្តបាត់ដំបង ១ទីតាំង។

លោកបានបន្ថែមទៀតថា មកដល់ពេលនេះ រាជដ្ឋាភិបាលទទួលបានចំណូល១៤លានដុល្លារ ដែលក្នុងនោះ៥លានដុល្លារ គឺជាចំណូលពន្ធដារ និងពន្ធគយ។

លោក នេត មុន្នី បានលើកឡើងថា ទាក់ទងទៅនឹងអត្រានៃការកំណត់នេះ គឺក្នុងប្រកាសអន្តរក្រសួង ដែលមានក្រសួងរ៉ែ ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺការកំណត់សួយសារ ៣ភាគរយ នៃចំណូលពីការលក់ផលិតផលមាស និងមានការបង់ថ្លៃឈ្នួលដីផងដែរ។

ក្រុមហ៊ុនដែលប្រមូលចំណូលបានច្រើន ហើយពិនិត្យឃើញថា មានសក្ដានុពល មានការរំពឹងទុក នឹងទទួលបានចំណូលច្រើន នាថ្ងៃអនាគត គឺក្រុមហ៊ុន Renaissance Minerals ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី។

លោក នេត មុន្នី បានគូសបញ្ជាក់ថា មកដល់ពេលនេះ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន Renaissance Minerals ធ្វើអាជីវកម្មរ៉ែមាស បានចំនួន១,៧៥១គីឡូក្រាម និងថ្លៃបង់សួយសារចំនួន២.៥លានដុល្លារផងដែរ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុន ខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕