(ហ្សាកាតា)៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានការបន្ធូរភាពតានតឹងទាក់ទងនឹង​ប្រទេសអ៊ុយក្រែនក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រី​ក្រសួងហិញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់ក្រុមប្រទេស G20 ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយរំឭកថា ជម្លោះនឹងគំរាមកំហែងដល់សន្តិសុខ ហើយនឹងបង្កើតឱ្យមានការអាក់ខាងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Joko Widodo ថា៖ «នេះមិនមែនជាពេលវេលាដើម្បីប្រកួតប្រជែងគ្នាទេ ហើយក៏មិនមានជាពេលដែលត្រូវបង្កើតភាពតានតឹងថ្មីដែលបង្កការអាក់ខានដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់ពិភពលោកនោះដែរ។ កុំធ្វើអ្វីដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពិភពលោក ដូចអ្វីដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែនសព្វថ្ងៃនេះ»។

លោកប្រធានាធិបតីបានបន្ថែមថា៖ «គ្រប់ភាគីទាំងអស់ត្រូវបញ្ឈប់ការប្រជែងគ្នា និងបង្កភាពតានតឹង។ យើងត្រូវផ្តោតលើការរួបរួមគ្នា ការសហការគ្នា ដើម្បីជួយសង្គ្រោះ និងធ្វើឱ្យពិភពលោករស់ឡើងវិញ និងស្ទុះងើបឡើងវិញឱ្យបានឆាប់រហស័ស»

ការលើកឡើងរបស់មេដឹកនាំរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជួយបន្ទរដល់ក្តីបារម្ភដែលថា ការឈ្លានពានប្រទេសអ៊ុយក្រែន​នឹងមានផលវិបាលធ្ងន់ធ្ងរខ្លាំង។

លោក Widodo ថ្លែងទៀតថា៖ «ប្រទេសទាំងអស់ភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក គ្មានប្រទេសណាមួយនៅឯកោទេ។ ការកើនឡើងរបស់តំបន់មួយនឹងជួយធ្វើឱ្យតំបន់មួយទៀតរស់ឡើងវិញដែរ។ ការដួលរលំរបស់តំបន់មួយ ក៏នឹងធ្វើឱ្យតំបន់ផ្សេងទៀតដួលរលំដូចគ្នាដែរ»

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្រ្តាលីលោក Josh Frydenberg ថ្លែងថា ស្ថានភាពនេះគឺជាក្តីបារម្ភខ្លាំង ហើយវាជាផលប្រយោជន៍រួមដែលត្រូវដោះស្រាយ​ភាពតានតឹង​ទាំងនេះ។ លោកថ្លែងទៅកាន់សនិ្នសីទរដ្ឋមន្ត្រីក្រុមប្រទេស G20 ថា៖ «យើងអំពាវនាវឱ្យប្រទេសរុស្ស៊ីបន្ធូរបន្ថយស្ថានភាពដើម្បីកុំឱ្យមានមហន្តរាយដល់មនុស្ស និងសេដ្ឋកិច្ច»

ក្រុមប្រទេស G20 រួមមានសហភាពអឺរ៉ុប និងប្រទេស ១៩ផ្សេងទៀតដែលជាប្រទេសកំពុងអភិវឌ្ឍន៍និងមានឧស្សាហកម្មធំបំផុត៕