(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ១៣០រូប។

កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមអតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

ក្នុងស្មារតីរួមគ្នាធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះបានផ្ដល់ឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានាជូនភាគីរាជរដ្ឋាភិបាល។

ប្រធានបទដែលត្រូវបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី២៣នេះរួមមាន៖ (១)-ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (២)- ពន្ធកាត់ទុកលើប្រាក់បៀវត្ស និងការបង្វិលសងអាករតម្លៃបន្ថែម (៣)- ភ័ស្តុភារកម្ម (ការពន្លឿនដំណើរការនៅតាមច្រកព្រំដែនថៃ និងវៀតណាម) (៤)- ការកាត់បន្ថយតម្លៃអគ្គីសនី និងការដាច់ចរន្តអគ្គិសនី) និង (៥)- ការនាំចូលរថយន្តដោយអ្នកដែលមិនបានទទួលសិទ្ធិ។

លោក សុខ ចិន្តាសោភា បានសម្តែងនូវក្តីសោកស្តាយជាខ្លាំង ដោយបានទទួលដំណឹងពីមរណភាពរបស់លោក កូជី កាន់ហ្សាគី (Koji Kanzaki ) ដែលជាពលរដ្ឋជប៉ុនមួយរូប បានចំណាយពេលវេលាប្រមាណ៣៨ឆ្នាំនៃជីវិតដើម្បីពង្រឹងចំណងទាក់ទងរវាងជប៉ុន និងកម្ពុជា និងបានចូលរួមសាងសង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។

លោកបានលើកឡើងពីទំនាក់ទំនងដែលកាន់តែល្អប្រសើរ ដែលត្រូវបានសបញ្ជាក់តាមរយៈជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជប៉ុន នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុននាសប្តាហ៍នេះ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសាជាថ្មី ដល់វិនិយោគិនជប៉ុន ដែលបន្តផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។

ឆ្លៀតឱកាសនេះ លោករដ្ឋមន្រ្តីប្រតិភូបានរំលេចពីច្បាប់ ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបានកំពុងក្លាយជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀត របស់កម្ពុជា សម្រាប់ទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោករដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់អង្គការ JETRO និង ធនាគារមីហ្ស៊ូហូ ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីវិនិយោគថ្មីជូនវិនិយោគិនជប៉ុន ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកប ដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលបានផ្តល់សេវាថែទាំយ៉ាងល្អប្រសើរ និងភាពកក់ក្ដៅដល់វិនិយោគិនជប៉ុន។

លោកបានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីឈានទៅរកភាពជោគជ័យក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ហើយដែលប្រការនេះ នឹងដើរតួជាសាដ៏វិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋា-ភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ប៊ីលានដុល្លារអាមេរិក៕