(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ចង់ឃើញវិស័យកាត់ដេរឈានទៅរកវិស័យដែលជាប្រភេទទំនិញមានតម្លៃខ្ពស់ និងជាប្រភេទទំនិញដែលមានតម្លៃបន្ថែមខ្ពស់។

ដើម្បីឲ្យវិស័យកាត់ដេរមានតម្លៃបន្ថែមខ្ពស់នេះ រាជរដ្ឋាភិបាលបាន និងកំពុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ដែលរំពឹងថាដាក់ឲ្យអនុវត្តន៍នៅពេលឆាប់ៗខាងមុខនេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក វង្សី វិស្សុត ចូលរួមជាអធិបតីភាព ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យកាត់ដេរប្រហែលជាមិនទាន់ទៅណានោះទេ ដែលមានរយៈពេលយូរតទៅទៀត ក៏ប៉ុន្ដែអ្វីដែលរដ្ឋាភិបាល ចង់ឃើញ គឺយើងចង់ឃើញថា វិស័យកាត់ដេរឈានទៅរកវិស័យដែលជាប្រភេទទំនិញមានតម្លៃខ្ពស់ និងជាប្រភេទទំនិញដែលមានតម្លៃបន្ថែមខ្ពស់»។

មន្ដ្រីជានខ្ពស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ការសង្ឃឹមបែបនេះរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែកត្ដាទីមួយ៖ គឺថាប្រព័ន្ធនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា កំពុងតែដើរទៅមុខ ខណៈមានការរួមចំណែកសំខាន់ជួយដល់សេដ្ឋកិច្ចជាតិ និងទីពីរ៖ ប្រទេសជិតខាង ចាប់ផ្ដើមមានបញ្ហាចំពោះវិស័យកាត់ដេរ ដូច្នេះវិនិយោគិន អ្នកបញ្ជាទិញមើលឃើញកម្ពុជា ជាទីតាំងល្អសម្រាប់បង្កើនការវិនិយោគ។

បើតាមលោក វង្សី វិស្សុត សព្វថ្ងៃរោងចក្រកាត់ដេរ នៅស្រុកខ្មែរចំនួន៩៥ភាគរយ គឺជាជនជាតិបរទេស មានតែ៥ភាគរយប៉ុណ្ណោះ គឺជាជនជាតិខ្មែរ ដូច្នេះរាជរដ្ឋាភិបាល ចង់ឃើញជនជាតិខ្មែរងាកមកវិនិយោគលើវិស័យកាត់ដេរឲ្យបានច្រើនបន្ថែមទៀត។

លោកបណ្ឌិត ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកាត់ដេរជាជន្ទុលសេដ្ឋកិច្ចសំខាន់សម្រាប់កម្ពុជា។ នៅក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលមានការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ តាំងពីឆ្នាំ២០២០។ យុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យកាត់ដេរ គឺចង់ឃើញវិស័យកាត់ដេរកម្ពុជា មានតម្លៃបន្ថែមខ្ពស់ ហើយអាចផលិតនូវទំនិញ ដែលមានលក្ខណៈល្អជាងមុន និងផ្ដល់នូវប្រាក់ចំណូលច្រើនជាងមុន។

បើតាមមន្ដ្រីជានខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ បានរៀបចំរួចហើយ នឹងសម្រេចដាក់ចេញ នាពេលឆាប់ៗ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ ជាង១១,៣៨៩ លានដុល្លារ កើនឡើង១៥% បើទោះបីជាកាលពីឆ្នាំ២០២១ កម្ពុជាជួបប្រទះការឆ្លងរាលដាលខ្លាំង ដែលនាំឲ្យមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងការរំខាន ដល់ខ្សែច្រវ៉ាក់ផលិតកម្មក៏ដោយ។

ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អ នៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរ នឹងកើនឡើងប្រមាណពី១៥% ទៅ២០%៕