(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វិស័យអចលនទ្រព្យ និងវិស័យសំណង់ ជាវិស័យរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ជាចន្ទល់ដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ច។

សម្រាប់ឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យ ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងក្នុងរង្វង់៤.១ភាគរយ បន្ទាប់ពីថមថយរយៈពេល២ឆ្នាំ ឆ្នាំ២០២០ ធ្លាក់ចុះដល់-៦.២ភាគរយ និងឆ្នាំ២០២១ កើនត្រឹម០.៦ភាគរយប៉ុណ្ណោះ។

លោក វង្សី វិស្សុត បានថ្លែងថា អចលនទ្រព្យរាប់បញ្ជូលទាំងដីធ្លី និងសំណង់ នៅមុនពេលពេលមានវិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងឆ្នាំ២០១៨-២០១៩ វិស័យសំណង់បានកើនឡើងរហូតដល់ជាង២០ភាគរយក្នុងមួយឆ្នាំ ចំពោះវិស័យអចលនទ្រព្យបានកើនក្នុងល្បឿន ៧-៨ភាគរយក្នុងមួយឆ្នាំ។

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកថ្លែងយ៉ាងដូច្នេះថា «សម័យកូវីដវិស័យអចលនទ្រព្យ និងសំណង់ នៅដើរតួជាចន្ទល់នៃសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេលមធ្យមយើងត្រូវការវិស័យនេះ ដើម្បីជួយសេដ្ឋកិច្ចរស់សិន។ មិនមែនតែស្រុកខ្មែរ ដែលពឹងលើវិស័យអចលនទ្រព្យ សម្រាប់ជាចន្ទល់សេដ្ឋកិច្ច ហុងកុង សិង្ហបុរី ចិន អាមេរិក ដូច្នេះយើងត្រូវមានគោលនយបាយចំពោះមុខសម្រាប់តម្រង់»

លោក ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «វិស័យអចលនទ្រព្យ និងវិស័យដីធ្លី នៅតែជាវិស័យដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ និងគួរតែបន្ដឲ្យវិស័យនេះមានកំណើនបន្ដទៀត ព្រោះវិស័យនេះ បានរួមចំណែកផ្ដល់ការងារជាច្រើន សម្រាប់បងប្អូនប្រជាជន ជាក់ស្ដែងក្នុងអំឡុងពេលកូវីដ១៩ឃើញថា វិស័យនេះមិនមានការធ្លាក់ចុះខ្លាំងក្លានោះទេ ព្រមទាំងក្លាយជាវិស័យមួយទ្រទ្រង់កម្លាំងការងារដល់បងប្អូនប្រជាជនកម្ពុជាយើង»

លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន គោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឆ្នាំ២០២២ អនុវិស័យអចលនទ្រព្យរំពឹងថា នឹងងើបឡើងវិញក្នុងអត្រា ៤.១ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាព ជួលផ្សារលក់រាយ ស្របនឹងនិន្នាការកើនឡើងនៃផ្នែកទិញលក់ និងជួលលំនៅដ្ឋានផ្នែកទាប និងមធ្យម ខណៈសកម្មភាពទិញលក់ និងជួលអផាតមិន ខុនដូរំពឹងថា មានកំណើនទាប ដោយសារតែការរំពឹងទុកពីការងើបឡើងយឺតនៃលំហូរទុនវិនិយោគពីបរទេស៕