(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងកើនឡើងដល់់៥.៦% និង ៦.៥% នៅឆ្នាំក្រោយ និង៧% នៅឆ្នាំ២០២៤ ដែលជាការងើបឡើងវិញដ៏ល្អប្រសើរ ដោយសារភាពខ្លាំងនៃវិស័យមួយចំនួន ដូចជាវិស័យកម្មន្តសាល វិស័យកសិកម្មជាដើម។

លោកថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកមានសុទិដ្ឋិនិយមបែបនេះ ដោយសារកម្ពុជាគ្រប់គ្រងការឆ្លងរីកដាល នៃជំងឺកូវីដ១៩បានល្អ ខណៈបញ្ហាភូមិសាស្រ្តនយោបាយសាកល ផ្តល់ឱកាសល្អសម្រាប់កម្ពុជា។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ៥.៦%នៅឆ្នាំនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រគួតប្រជែងរបស់សេដ្ឋកិច្ច នៅតែជាគន្លឹះធំបំផុតដែលមិនអាចខ្លះបាន។ ជាមួយគ្នានេះការកែទម្រង់ និងការអនុវត្តគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល ត្រូវតែមានប្រសិទ្ធភាពជាងមុន និងជំរុញឱ្យមានអភិបាលកិច្ចល្អជាងមុន។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមាន FTA [កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី] ជាមួយចិន កូរ៉េ យើងមាន RCEP [កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់] ជាក្របខណ្ឌពាណិជ្ជកម្មសេរីតំបន់ ដែលជាកត្តាទាក់ទាញវិនិយោគចូលមកប្រទេសយើង។ ទន្ទឹមគ្នានេះទំនាស់នយោបាយភូមិសាស្រ្តពិភពលោក ដែលបង្កើតជាឱកាសសម្រាប់យើងវិញ ក្នុងនោះចិនឈ្លោះជាមួយអាមេរិក ចិនពិបាកនាំចេញទំនិញទៅអាមេរិក ដូច្នេះវិនយោគិនចិនត្រូវប្តូរមកអាស៊ីអាគ្នេយ៍ មកស្រុកខ្មែរ ដើម្បីរកច្រកចេញទៅអាមេរិក។ ទំនាស់ចិន និងជប៉ុន ជប៉ុនមិនអាចរើទៅជប៉ុនបានទេ ព្រោះគ្មានកម្លាំងពលកម្ម អីចឹងត្រូវរើមកអាស៊ីអាគ្នេយ៍ មកកម្ពុជា [...] ទីផ្សារអឺរ៉ុប ទីផ្សារអាមេរិក ជាឱកាសសម្រាប់យើង ដែលជាការផ្ទេរការវិនិយោគពីចិន ពីជប៉ុនមក»

លោកបន្ថែមថា កម្ពុជានឹងអាចទាក់ទាញវិនិយោគិនទាំងនោះបាន ដោយសារមានច្បាប់វិនយោគ ការកែទំរង់គយ និងពន្ធដារឱ្យល្អប្រសើរជាងមុន និងទាក់ទាញ។ ជាមួយគ្នានេះ កម្ពុជានឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធឡូជីក និងដឹកជញ្ជូនឱ្យមានតម្លៃថោក និងរហ័ស។ ចំណែកអគ្គិសនី ត្រូវមានតម្លៃថោក មានស្ថេរភាពនៃការផ្គត់ផ្គង់ និងប្រព័ន្ធអ៊ីនធឺណេតល្អប្រសើរ។

លោករដ្ឋមន្ត្រីអះអាង កម្ពុជាក៏ជួបបញ្ហាប្រឈមមួយចំនូន ដូចជាការរីករាលនៃមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង អតិផរណានៃទំនិញនាំចូលមួយចំនួន ជាពិសេសការកើនឡើងនៃតម្លៃឥន្ធនៈ ជីថ្នាំកសិកម្ម និងសម្ភារៈមួយចំនួនទៀត។ លើសពីនេះទៅការកើនឡើងនៃការប្រាក់របស់ប្រាក់ដុល្លារសហរដ្ឋអាមេរិក ក៏ជាបញ្ហាប្រឈមសម្រាប់កម្ពុជាផងដែរ។ កម្ពុជានឹងអាចជួបបញ្ហាមួយចំនួនទៀតដូចជា ការកែទម្រង់សំខាន់ៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីស្តារការងើបឡើងវិញ នៃសេដ្ឋកិច្ចមិនអាចអនុវត្តបាន និងបញ្ហាជម្លោះនៅអ៊ុយក្រែន ដែលជះឥទ្ធិពលដល់កម្ពុជា៕