(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជិត៦៧លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ MEKO INTELLIGENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨២៨កន្លែង។

២៖ KHALANDALE CO., LTD: គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៦៦៨កន្លែង។

៣៖ K (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

៤៖ B.E.C.I.S (CAMBODIA) CO., LTD:គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ ឲ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨២កន្លែង។

៥៖ CAMBODIAN PAW SHIELD CO., LTD:គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ #I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។

៦៖ X.Y.H. (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៧៨៩កន្លែង៕