(ប៉េកាំង)៖ ប្រទេសចិននឹងធ្វើការងារជាមួយប្រទេសនៅអាស៊ី ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាផ្នែកមួយនៃផែនការពង្រឹងភាពធន់សេដ្ឋកិច្ចក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Yi Gang ទេសាភិបាលធនាគារកណ្តាលចិនដែលបានថ្លែងក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមប្រទេស G20 ថា វឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានឆ្នាំដែលបង្កើតឡើងដោយប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងពាណិជ្ជកម្ម និងការវិនិយោគ បានពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុរបស់តំបន់ទប់ទល់នឹងបញ្ហាដែលកើតឡើងពីខាងក្រៅ។

តាមរយៈវីដេអូនៅព្រឹត្តិការណ៍ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី លោក Yi មានប្រសាសន៍ថា៖ «ប្រទេសកំពុងអភិវឌ្ឍន៍គួរលើកកម្ពស់ភាពស៊ាំរបស់ខ្លួន។ នេះគឺជាអ្វីដែលកិច្ចសហប្រតិបត្តិការថ្នាក់តំបន់មានតួនាទីដ៏សំខាន់មួយដែលត្រូវធ្វើ»

លោកបន្ថែមថា ការដោះដូររូបិយប័ណ្ណទ្វេភាគីក្នុងចំណោមក្រុមប្រទេសអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង បានកើនឡើងដល់ ៣៨០ប៊ីលានដុល្លារ។

កាលពីខែមុន ធនាគារកណ្តាលចិនបានបន្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណទ្វេភាគីជាមួយធនាគារកណ្តាលឥណ្ឌូនេស៊ីរយៈពេល ៣ឆ្នាំទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានភាពស៊ីជម្រៅ និងដើម្បីលើកកម្ពស់ការវិនិយោគ។

លោក Yi បានបន្ថែមថា ធនាគារកណ្តាលរបស់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនគួរបន្តពង្រឹងទំនាក់ទំនងទីផ្សារ ដោយសារការធ្វើដូចនេះនឹងជួយកាត់បន្ថយការបាចសាចឥទ្ធិពលទៅលើប្រទេសកំពុងអភិវឌ្ឍន៍នៅពេលដែលមានហានិភ័យកាន់តែខ្លាំងពីការរាតត្បាតជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕