(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវពង្រឹងវិស័យហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានឆាប់រហ័ស ដោយលើកឡើងថា ហានិភ័យកំពុងកើនឡើងរួមជាមួយនឹងអតិផរណា អត្រាការប្រាក់ និងកង្វះតម្លាភាពទាក់ទងនឹងបំណុលសាធារណៈ និងឯកជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារពិភពលោកលើកឡើងពីក្តីបារម្ភជាយូរមកហើយរបស់ខ្លួននេះអំពីកង្វះតម្លាភាពនៃការផ្តល់កម្ចីរបស់ប្រទេសចិន និងកម្ចីមានទ្រព្យបញ្ចាំនៅក្នុងវិស័យបំណុលសាធារណៈ ប៉ុន្តែក៏បានលើកឡើងផងដែរអំពីការកើនឡើងហានិភ័យក្នុងវិស័យបំណុលឯកជនផងដែរនៅក្នុងរបាយការណ៍អភិវឌ្ឍន៍ពិភពលោក (WDR) របស់ខ្លួន។

លោកស្រី Carmen Reinhart ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសមួយថា ការអង្កេតរបស់ធនាគារពិភពលោកបានបង្ហាញថា ៤៦ភាគរយនៃអាជីវកម្មធុនតូច និងធុនមធ្យមក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រំពឹងថានឹងមិនអាចសងបំណុលបានឡើងក្នុងរយៈពេល ៦ខែ ប៉ុន្តែតួលេខនេះកើនឡើងខ្ពស់រហូតដល់ ២ដងនៅក្នុងប្រទេសមួយចំនួន។

លោកស្រី Reinhart ថ្លែងថា លោកស្រីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍនៃវិស័យបំណុលឯកជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ធំៗដូចជា ឥណ្ឌា អាហ្រ្វិកខាងត្បូង ហ្វីលីពីន និងកេនយ៉ា ជាទីដែលជាង ៦៥ភាគរយនៃក្រុមហ៊ុនធុនតូច និងធុមមធ្យមរំពឹងថានឹងបង់សងបំណុលយឺត។

លោកស្រីថ្លែងថា ចំពោះបំណុលសាធារណៈ ប្រទេសតួកគីដែលចំណាត់ថ្នាក់បំណុលរបស់ប្រទេសនេះត្រូវបានទម្លាក់មកនៅត្រឹម BB- ដោយក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch កាលពីសប្តាហ៍មុន បានស្ថិតនៅក្នុងវិបត្តិរយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយអាចកើតមានលទ្ធផលអាក្រក់ណាមួយ។

លោកស្រីបន្ថែមថា ការគាំទ្រផ្នែកសារពើពន្ធ និងរូបិយវត្ថុទ្រង់ទ្រាយធំ គួបផ្សំនឹងការពន្យាពេលសងកម្ចីធនាគារ និងគោលនយោបាយមិនទារបំណុលបែបចិត្តសប្បុរស បានកាត់បន្ថយវិបត្តិសេដ្ឋកិច្ចដែលជំរុញដោយការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែផលអាក្រក់នៅពេលនេះគឺកើតមានលទ្ធផលត្រលប់ចំពោះគ្រួសារ និងក្រុមហ៊ុន។

លោកស្រី Reinhart មានប្រសាសន៍ថា៖ «មានតម្រូវការខ្លាំងឱ្យមានតម្លាភាពកាន់តែប្រសើរចំពោះបំណុលវិស័យសាធារណៈ»។

ចំណែកកម្ចីមិនដំណើរការនៅតែមានកម្រិតទាបជាងអ្វីដែលជាក្តីបារម្ភនៅពេលចាប់ផ្តើមការរាតត្បាតជំងឺ ប៉ុន្តែលោកស្រី Reinhart បានថ្លែងថា គោលនយោបាយមិនទារបំណុល និងស្តង់ដារគណនេយ្យដែលត្រូវបានបន្ធូរបន្ថយអាចកំពុងបង្កើតឱ្យមាន «បញ្ហាកម្ចីមិនដំណើរការបែបលាក់មុខ»។

ដោយក្រើនរំឭកអំពីភាពពេញចិត្តនឹងសុខភាពហិរញ្ញវត្ថុរបស់គ្រួសារ និងក្រុមហ៊ុន លោកស្រីបន្ថែមថា៖ «អ្វីដែលអ្នកទទួលបាននៅចុងបញ្ចប់ មិនមែនជាអ្វីដែលអ្នកមើលឃើញទេ ប៉ុន្តែជាអ្វីដែលអ្នកមើលមិនឃើញ។ ខ្ញុំខ្លាចថា ក្នុងប្រទេសជាច្រើន យើងសូម្បីតែមិនដឹងខ្លួនថាយើងកំពុងស្ថិតក្នុងដំណាក់កាលនេះផង»។

របាយការណ៍របស់ធនាគារពិភពលោកនេះបានជំរុញឱ្យមានកិច្ចប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់តម្លាភាពចំពោះបំណុលសាធារណៈ គ្រប់គ្រងឱ្យមានប្រសិទ្ធភាពបន្ថែមទៀតទៅលើកម្ចីដែលមានបញ្ហា រួមទាំងដំណោះស្រាយក្រៅតុលាការ ព្រមទាំងពន្លឿនការងារដោះស្រាយបញ្ហាបំណុលសាធារណៈផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕