(ប៉េកាំង)៖ គណៈរដ្ឋមន្ត្រីចិនបានឱ្យដឹងថា ប្រទេសចិននឹងចាត់វិធានការដើម្បីរក្សាស្ថិរភាពវិស័យឧស្សាហកម្ម និងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនធុនតូច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់គណៈរដ្ឋមន្ត្រីចិនថា ការស្ទុះងើបឡើងវិញក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសចិនមិនរឹងមានឡើយ ខណៈដែលវិស័យសេវាកម្មប្រឈមនឹងភាពលំបាកកាន់តែខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-១៩។

គណៈរដ្ឋមន្ត្រីចិនបានបន្ថែមថា៖ «វិស័យឧស្សាហកម្មនិងសេវាកម្មផ្តល់ការគាំទ្រជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងារប្រកបដោយស្ថិរភាព»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា វិធានការថ្មីៗទាំងនេះនឹងរួមមាន ការលើកលែងពន្ធបន្ថែមទៀត និងកម្ចីរយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ក្រុមហ៊ុនធុនតូច។

ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មដែលទិញឧបករណ៍មានតម្លៃច្រើនជាង ៥លានយ័ន (៧៨៧.៨៦១ដុល្លារ) នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងមុនបង់ពន្ធ (pre-tax deductions) ខណៈដែលក្រុមហ៊ុនក្នុងវិស័យបម្រើម្ហូបអាហារ លក់រាយ និងទេសចរណ៍នឹងទទួលបានការកាត់បន្ថយពន្ធបន្ថែម។

សេដ្ឋកិច្ចប្រឈមនឹងបញ្ហាជាច្រើន ដែលរងប៉ះពាល់ដោយការធ្លាក់ចុះខ្សោយរ៉ាំរ៉ៃក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងជំងឺកូវីដ-១៩ តឹងរ៉ឹង ដែលបានប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងការចំណាយ។

ទិន្នផលផ្លូវការដែលចេញផ្សាយកន្លងមកបានបង្ហាញថា កំណើនទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងតែ ៤,៣ភាគរយប៉ុណ្ណោះក្នុងខែធ្នូ ធៀបនឹងកំណើន ៣,៨ភាគរយក្នុងខែវិច្ឆិកា។

គណៈរដ្ឋមន្ត្រីចិនបានបន្ថែមទៀតថា ប្រទេសចិននឹងបន្តរក្សាស្ថិរភាពថ្លៃទំនិញ៕