(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សារណៈភាពជាដៃគូកម្រិតយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចូលរួមគាំទ្រដល់គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ។

គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ គម្រោងនឹងចំណាយថវិកាចំនួន២លានដុល្លារ គម្រោងនេះមានគោលបំណងលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ - ២០២៥ របស់ធនាគារជាតិនៃកម្ពុជា។

តាមរយៈគម្រោងតម្លៃ២លានដុល្លាររយៈពេល៥ឆ្នាំនេះ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមថវិកាចំនួន១.២លានដុល្លារ ខណៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ចូលរួមថវិកាបដិភាគជិត ១លានដុល្លារផងដែរ។

បរិយាបន្នហិរញ្ញវត្ថុ សំដៅលើលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ទាន់ពេលវេលាស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានការការពារតាមផ្លូវច្បាប់។

លោក សុខ វឿន ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា «គម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២ នឹងផ្តោតអាទិភាពលើកិច្ចការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនកម្ពុជា លើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដោយសម្របតាមយុទ្ធសាស្រ្តបរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិ ខណៈដែលសមាគមក៏បានរៀបចំយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ឲ្យស្របតាមយុទ្ធសាស្រ្តថ្នាក់ជាតិផងដែរ»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ក្រុមហ៊ុនប្តេជ្ញាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចូលរួមថវិកាបដិភាគជិត១លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដោយថវិកានេះនឹងត្រូវដាក់ចូលរួមគ្នា ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគម្រោងបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី២»

លោកបានបន្ដថា CBC តែងតែជួយគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពផ្សេងៗរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងបរិយាបន្ននៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា។

សូមបញ្ជាក់ថាកា រចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ និងវេទិកាប្រចាំឆ្នាំលើកទី២ ស្តីពីការពង្រឹងភាពធន់ និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពេលថ្មីៗនេះ ក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា៕