(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងជំរុញឲ្យនិយោគិនហុងគ្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញពីសក្តានុពលពិតប្រាកដ និងចាប់យកកាលានុវត្តភាពធុរកិច្ច ដោយទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងសេរីនានា សម្រាប់ទីផ្សារដ៏ទំលាយរបស់ផលិតផលកម្ពុជា រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងសេរីកម្ពុជាកូរ៉េជាដើម។

ការជំរុញយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុង ជំនួបធុរកិច្ចកម្ពុជា-ហុងគ្រី លើកទី១ តាមប្រព័ន្ធអនឡាញ ក្រោមមូលបទ «ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ច ដែលធន់នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩» នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ជំនួបធុរកិច្ចនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពី មន្ត្រីជាន់ខ្ពស់ វិនិយោគិន និងធុរជនប្រមាណ៧០នាក់។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលបានរៀបចំជំនួបធុរកិច្ចដ៏មានសារៈសំខាន់មួយនេះ ក្នុងការចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ទៅលើលើវិស័យសក្តានុពលសំខាន់រួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម ធារាសាស្ត្រ និងឧស្សាហកម្មវិស័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រនិង ឱសថ និងកម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់។

អ្នកឧកញ៉ាប្រធាន បានកត់សម្គាល់ថា ប្រទេសទាំងពីរមានចំណងមិត្តភាពយូរអង្វែង ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ច និងសក្តានុពលពិតប្រាកដ ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាងមុន និងកំណត់សកម្មភាពច្បាស់លាស់ ដើម្បីធានាឲ្យបាននូវស្ថិរភាព និងការស្តារសង្គម-សេដ្ឋកិច្ច។ ប្រទេសទាំងពីរ មានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ដែលក្នុងនេះ ហុងគ្រី ជាច្រកចូលដ៏សំខាន់ក្នុងនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ចំណែកឯកម្ពុជា
មានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំចំណុចកណ្តាលអាស៊ាន ដែលជាច្រកចូលដ៏សំខាន់ សម្រាប់ផលិតហុងគ្រីមកកាន់ទីផ្សារ
អាស៊ាន និងប្រទេសជាដៃគូផ្សេងទៀត របស់អាស៊ាន។

ក្នុងឱកាសនៃជំនួបពាណិជ្ជកម្មនេះ ភាគីកម្ពុជា និងហុងគ្រី ជជែកពិភាក្សាអំពីគោលនយោបាយលើកទឹកចិត្ត ចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនានាក្នុងវិស័យកសិកម្ម ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ សេវាកម្មទេសចរណ៍ ធនធានទឹក និងឧស្សាហកម្មក្នុងវិស័យបរិស្ថាន កម្មន្តសាលនិងកាត់ដេរសម្លៀកបំពាក់ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រនិងឱសថ។ វិនិយោគិន និងធុរជន នៃប្រទេសទាំងពីរ បានស្វែងយល់ពីទិដ្ឋភាព សក្តានុពល និងស្ថានភាពនៃ ការវិនិយោគនៃប្រទេសទាំងពីរ ព្រមទាំងបានពិភាក្សាអំពីលទ្ធភាព ក្នុងការសហការវិនិយោគ និងធ្វើធុរកិច្ចរួមគ្នានាពេលអនាគត៕