(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន បន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុង ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹក១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និង ឯកជន បន្តចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល រួមមានវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការឆ្លង ព្រមទាំងការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាជន ពិសេសដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា»

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ថ្មីៗនេះការងើបឡើងវិញនៃការរីករាលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេស ដែលឆ្លុះបញ្ចាំងតាមការកើនឡើងខ្ពស់ នៃករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូវីដ១៩ អូមីក្រុង បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣» មានគោលបំណងស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និង រយៈពេលមធ្យម ឲ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាប័ន្ន ក្នុងរយៈ-ពេលវែង។

លោកបានបន្ថែមថា ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសា្តកំណើនសេដ្ឋកិច្ចនេះ បានដាក់ចេញ នូវសកម្មភាពអនុវត្តជាក់ស្តែង នៅក្នុងវិស័យជាច្រើន។ សម្រាប់ថ្ងៃនេះ, ថវិកា ១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និង វិស័យសហគ្រាស ធុនតូច និងមធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ, ទាំងក្នុងការបង្កើតការងារ, កែ-លម្អជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ចជាតិ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ, កម្មន្តសាល, គ្រឿងបង្គុំ និង ទេសចរណ៍ ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។

លោកបន្ដថា សហគ្រាសធុនតូច និង មធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋ-កិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទី យ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្តែង, សហគ្រាសធុនតូច និង មធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់ នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុប នៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យមជាពិសេស សហគ្រាសក្នុងវិស័យអាទិភាព ដូចជម្រាបជូនខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដូចជា៖

១៖ ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ជាដើម
២៖ ការបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ
៣៖ ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank)
៤៖ ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និងកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB)
៥៖ ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទានទៅសហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការបន្ថែមមូលនិធិចំនួន១០០លានដុល្លារនេះ៕