(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ លោក សឿង ស៊ីម៉ុន នាយកប្រតិបត្ដិគ្រប់គ្រងទូទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្ដិ ហ្វាយណាន់ បានប្រាប់អំពីការប្រើប្រាស់ឥណទាន ឲ្យបានត្រឹមត្រូវ និងលើកទឹកចិត្ដឲ្យសុំការប្រឹក្សាពីខាងធនាគារ និងជាប្រចាំ ព្រោះការប្រឹក្សាជារឿងចាំបាច់។

លោក សឿង ស៊ីម៉ុន បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រើប្រាស់ឥណទាន វាជារឿងសំខាន់បំផុត ដោយសារភាគច្រើនអតិថិជនបរាជ័យ គឺការប្រើប្រាស់ឥណទានមិនបានត្រឹមត្រូវ និងមិនហ៊ានទៅសុំការប្រឹក្សាពីខាងធនាគារ។ អតិថិជនចាំបាច់ណាស់ត្រូវតែអនុវត្ដ ដោយឥណទានអ្វីដែលអតិថិជនត្រូវប្រើ គឺត្រូវប្រើតាមអ្វីដែលស្នើសុំពីខាងធនាគារ។

លោកបានឧទាហរណ៍ថា ខ្ចីមួយម៉ឺនដុល្លារ ទៅទិញដី ដូច្នេះដាច់ខាតលុយនោះ ត្រូវទៅយកឲ្យអ្នកលក់ដី ដើម្បីទិញដីនោះ ប៉ុន្ដែបើសិនអ្នកលក់ដី មិនបានលក់វិញ មិនគួរយកលុយនេះ ទៅប្រើប្រាស់ទៅលើអ្វីផ្សេងនោះទេ គួរតែបង់លុយទាំងនោះ ជាចំណែកណាមួយ ឬទាំងអស់ទៅធនាគារវិញ ជៀសវាងការទុកលុយចោល ដែលត្រូវបង់ការប្រាក់ ខាតជាប្រចាំខែឥតប្រយោជន៍។

លោក សឿង ស៊ីម៉ុន បានឲ្យដឹងទៀតថា អតិថិជនដាច់ខាត គួរប្រើប្រាស់តាមការស្នើសុំ ប្រសិនជាមិនបានប្រើប្រាស់តាមការស្នើសុំ គាត់អាចស្នើសុំប្រឹក្សា ពីខាងធនាគារម្ដងទៀត។ ហើយកុំប្រើទៅតាមអ្វីដែលយើងចង់ គឺយើងត្រូវគិតអំពីផលប៉ះពាល់ ហើយស្នើសុំការប្រឹក្សាពីខាងធនាគារជាប្រចាំ ព្រោះការប្រឹក្សា ជារឿងចាំបាច់ណាស់។

សម្រាប់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុ បានឲ្យដឹងថា កត្តាដែលធ្វើឲ្យអតិថិជនជោកជ័យក្នុងការប្រើប្រាស់ឥណទាន គឺការមានទម្លាក់ល្អ ក្នុងការចាត់ចែងលុយកាក់របស់ពួកគាត់ ហើយផ្ទុយទៅវិញអតិថិជនដែលមិនជោគជ័យ ជាទូទៅគាត់មិនមានទម្លាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងលុយកាក់ រួមទាំងការមិនចេះសន្សំផងដែរ។

ជាការណែនាំលោក កាំង តុងងី ជំរុញឲ្យអតិថិជនដែលប្រើប្រាស់កម្ចី ឲ្យទទួលបានជោគជ័យ សូមប្រឹក្សាជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយផ្តល់ព័ត៌មានពីភាពជាក់ស្តែងរបស់ខ្លួន នោះខាងធនាគារ ឬមីក្រូហិរញ្ញវត្ថុ នឹងផ្តល់យោបល ដែលយោបល់ទាំងនោះជួយឲ្យអតិថិជនរីកចម្រើន។

ជាមួយគ្នានេះ លោក សឿង ស៊ីម៉ុន បានលើកយកនូវកត្ដាចំនួន៥ ដែលអ្នកខ្ចីប្រាក់ជួបរឿងបរាជ័យរួមមាន៖

កត្តាទី១៖ អ្នកប្រើប្រាស់ឥណទាន ផ្ដល់ព័ត៌មានមួយចំនួន ទៅឲ្យខាងស្ថាប័នហិរញ្ញវត្ថុមិនជាតម្លាភាព (មិនត្រឹមត្រូវ) ដោយពេលខ្លះបិទបាំងព័ត៌មាន ឬអាចពង្រីកនូវចំណូល ដើម្បីបានខ្ចីឥណទានចំនួនច្រើន។

កត្តាទី២៖ អតិថិជនមិនហ៊ានទទួលយកការប្រឹក្សាពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ នូវអ្វីដែលគាត់កំពុងតែប្រឈម។

កត្តាទី៣៖ អតិថិជនមួយចំនួន នៅពេលដែលលំបាក អត់ហ៊ានទៅទទួលការប្រឹក្សាដោយរត់ទៅរកវិស័យឯកជន (អ្នកចងការឯកជន) ដើម្បីដោះស្រាយបញ្ហា ដែលមានការប្រាក់ខ្ពស់ ធ្វើឲ្យបំណុលកាន់តែកើនឡើង។

កត្តាទី៤៖ អតិថិជន មិនមានផែនការនិរន្ដរភាពអាជីវកម្ម និងចំណូល-ចំណូលមិនច្បាស់លាស់។ លើសពីនោះទៀត ដោយមិនមានទុនបម្រុង សម្រាប់ទុកដោះស្រាយ នៅពេលជួបបញ្ហាវិបត្ដិហិរញ្ញវត្ថុ។

កត្តាទី៥៖ ភាគច្រើនអាជីវកម្ម ដែលទើបតែចាប់ផ្ដើម ដែលចេញពីយុវជនជំនាន់ក្រោយ ដោយចាប់ផ្ដើមតាមចំណង់ និងមិនមានការវិភាគបានពេញលេញ ហើយចាប់ផ្ដើមអាជីវកម្មធំ ហួសពីសមត្ថភាពខ្លួន៕