(ភ្នំពេញ)៖ អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ បានពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានចំនួន ៣,៩៩៨.៨ប៊ីលានរៀល ប្រមាណ ៩៧៥លានដុល្លារ នៅឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រនេះ ស្មើ នឹង៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅឆ្នាំ២០២១។

ការនាំចូលយានយន្ត ជា ប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ ប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ ដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្ត ចូលមកកម្ពុជាទៀត។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឲ្យដឹងថា ចំណូលពន្ធបានពីការនាំចូលយានយន្ដ គឺជាចំណូលសំខាន់ សម្រាប់ជួយដល់ថវិកាជាតិ។ លោកថា ការនាំចូលយានយន្ត និងគ្រឿងចក្រនេះ គឺបង្ហាញថា ប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍ។

លោកបន្ថែមថា សន្ទុះនៃការកើនឡើង ការប្រើប្រាស់យានយន្ដ ជាពិសេសរថយន្តគ្រួសារ គឺសំដៅលើការលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សបានផ្លាស់ប្តូររបត់ ពីការរស់នៅតាមបែបជិះកង់ ជិះម៉ូតូ មកមានយានយន្ដ និងរបស់ប្រើទំនើបប្រើគ្រប់គ្នា ដែលនេះបង្ហាញអំពីកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអត្រាអនុគ្រោះ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕