(ភ្នំពេញ)៖ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ដែលស្មើនឹង១៥.២% បើធៀបនឹងកាលពីឆ្នាំ២០២០ បើទោះបីជាកាលពីឆ្នាំ២០២១ កម្ពុជាជួបប្រទះការឆ្លងរាលដាលខ្លាំង ដែលនាំឱ្យមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងការរំខានដល់ខ្សែច្រវ៉ាក់ផលិតកម្មក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អនៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរនឹងកើនឡើងប្រមាណពី១៥% ទៅ២០%។

ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគម ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកុម្ភៈនេះថា ការនាំចេញផលិតផលកាត់ដេរកើនឡើងនេះ ដោយសារកំណើននៃការបញ្ជាទិញកើន ដោយអ្នកទិញមួយចំនួន បានបង្វែរការបញ្ជាទិញពីប្រទេសជិតខាងមកកម្ពុជា។

ដោយសារមានការឆ្លងរីករាលដាលខ្លាំង នៅប្រទេសថៃកាលពីឆ្នាំមុន បានធ្វើឱ្យអ្នកបញ្ជាទិញបង្វែរមកកម្ពុជា ហើយបណ្តាអ្នកបញ្ជាទិញមួយចំនួន ដែលបានបញ្ជាទិញនៅប្រទេសភូមា ក៏បានបង្វែរការបញ្ជាមកកម្ពុជាវិញផងដែរ។ ព្រមជាមួយគ្នានេះ ដោយសារការចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសជាច្រើន និងការបើកឱ្យមានការធ្វើដំណើរឡើងវិញ នាំឱ្យអ្នកបញ្ជា ដាក់ការបញ្ជាទិញលើផលិតផលទាំងនេះច្រើនពីកម្ពុជា។

លោកបន្តថា ទីផ្សារដែលបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាជាច្រើនជាងគេ គឺទីផ្សារអឺរ៉ុប មានចំនួន២៧ប្រទេស អង់គ្លេស អាមេរិក ជប៉ុន កាណាដា និងប្រទេសមួយចំនួនទៀត។

លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំគិតថាឆ្នាំ២០២២នេះ ការបញ្ជាទិញនឹងកើនឡើងយ៉ាងតិច ប្រហែល១៥% ទៅ២០% ដោយសារកម្មករ កម្មការនី និងប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំងយ៉ាងតិច៣ ទៅ៤ដូស ក៏ដូចជាការអនុវត្តវិធានការ ៣កុំ ៣ការពារ ការថយចុះនៃចំនួនឆ្លងតិចជាងប្រទេសជិតខាង និងការដំណើរល្អនៃរោងចក្រនីមួយៗ ដែលធ្វើឱ្យអ្នកវិនិយោគ និងអ្នកបញ្ជាទិញមានការទុកចិត្ត គេឃើញទីផ្សាររបស់យើង ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលរបស់យើងមានស្ថេរភាព គ្មានការរាំងស្ទះ ដើរបានល្អ ផលិតទាន់ពេលវេលា និងបញ្ជូនទៅបានទាន់ពេលវេលា»

តែបើទោះបីជាផលិតកម្ម និងការនាំចេញកើនឡើងក៏ដោយ លោកបញ្ជាក់ថា វិស័យកាត់ដេរក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការដឹកជញ្ជូនថ្លៃ និងកង្វះខាតកម្លាំងពលកម្មជាដើម៕