(ដាកា)៖ គណៈកម្មការអឺរ៉ុបបានឱ្យដឹងថា សហភាពអឺរ៉ុបបានបម្រុងទុកប្រាក់ចំនួន ១៥០ប៊ីលានអឺរ៉ូ (១៧០ប៊ីលានដុល្លារ) សម្រាប់ការវិនិយោគនៅទ្វីបអាហ្រ្វិកស្ថិតក្រោមមូលនិធិសកលមួយ ដែលបានដាក់ដំណើរការដើម្បីផ្តល់ជូនជាជម្រើសមួយជំនួសឱ្យប្រាក់របស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការវិនិយោគនេះនឹងស្មើនឹងពាក់កណ្តាលនៃមូលនិធិច្រកចូលសកល (Global Gateway) តម្លៃ ៣០០ប៊ីលានអឺរ៉ូរបស់សហភាពអឺរ៉ុប ដែលបានដាក់ដំណើរការនៅខែធ្នូឆ្នាំមុនក្នុងគោលបំណងពង្រឹងចង្វាក់ផ្គត់ផ្គង់របស់អឺរ៉ុប និងប្រយុទ្ធប្រឆាំងនឹងអាកាសធាតុក្នុងវិស័យនានារួមទាំងសុខាភិបាល ថាមពល និងដឹកជញ្ជូន។

ទឹកប្រាក់ការវិនិយោគនេះកើតមានឡើងខណៈដែលប្រទេសនៅអឺរ៉ុបជាច្រើនព្យាយាមកាត់បន្ថយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីទ្វីបអាហ្វិក ដែលជំរុញមួយផ្នែកដោយភាពក្រីក្រ និងភាពគ្មានការងារធ្វើ ហើយខណៈដែលក្រុមហ៊ុនផលិតឥន្ធនៈផូស៊ីលក្នុងទ្វីបអាហ្វ្រិកមិនអនុវត្តតាមគោលដៅកាត់បន្ថយឧស្ម័នកាបូនតឹងរ៉ឹងដែលកំណត់ដោយប្រទេសអ្នកមានដើម្បីកាត់បន្ថយការកើនឡើងកម្តៅពិភពលោក។

ប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen បានប្រកាសពីផែនការថ្នាក់តំបន់នេះនៅឯសន្និសីទកាសែតមួយក្នុងទីក្រុងដាកាជាមួយប្រធានាធិបតីសេណេហ្កាល់លោក Macky Sall។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របាឱ្យដឹងទៀតថា របៀបបញ្ចេញថវិកា ឬចំណាយមិនទាន់មានព័ត៌មានលម្អិតនៅឡើយ។ ប៉ុន្តែនៅពេលដាក់ដំណើការមូលនិធិ Global Gateway នេះកាលពីខែធ្នូ សហភាពអឺរ៉ុបបានឱ្យដឹងថា ប្រាក់នេះនឹងត្រូវបញ្ចេញក្នុងរូបភាពជាជំនួយឥតសំណង កម្ចី ឬការធានាពីស្ថានប័នរបស់សហភាពអឺរ៉ុប រដ្ឋាភិបាលអឺរ៉ុប ស្ថាប័នហិរញ្ញវត្ថុសហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍របស់ប្រទេសនៅអឺរ៉ុប។

ប្រភពមួយមកពីសហភាពអឺរ៉ុបបានឱ្យដឹងថា ទឹកប្រាក់ ១៥០ប៊ីលានអឺរ៉ូនេះអាចនឹងត្រូវបញ្ចេញក្នុងបរិមាណ ២០ប៊ីលាននអឺរ៉ូក្នុងមួយឆ្នាំ ដែលក្នុងនោះ ៦ប៊ីលានអឺរ៉ុបបានមកពីមូលនិធិនានារបស់អឺរ៉ុប និងទឹកប្រាក់នៅសល់បានមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងវិនិយោគគិនឯកជន។

ប្រទេសចិនបានដាក់ដំណើរការគម្រោងខ្សែក្រវាតនិងផ្លូវក្នុងឆ្នាំ២០១៣ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗក្នុងពិភពលោក ហើយបាននិងកំពុងចំណាយយ៉ាងច្រើនលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅទ្វីបអាហ្វ្រិក។

មន្ត្រីសហភាពអឺរ៉ុបនិយាយថា លក្ខខណ្ឌហិរញ្ញប្បទានដែលលផ្តល់ដោយទីក្រុងប៉េកាំងជាញឹកញាប់មិនមានភាពអំណោយផលទេ និងមិនមានតម្លាភាព ព្រមទាំងធ្វើឱ្យប្រទេសក្រីក្រមួយចំនួនជាពិសេសក្នុងទ្វីបអាហ្វ្រិកពឹងផ្អែកខ្លាំងលើប្រទេសចិនតាមរយៈបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕