(បាងកក)៖ ក្រុមហ៊ុនថាមពលថៃ PTT Exploration and Production Plc (PTTEP) គ្រោងប្រកាសផែនការរបស់ខ្លួននៅខែក្រោយបន្ទាប់ពីការដកខ្លួនរបស់ក្រុមហ៊ុនដៃគូ គឺក្រុមហ៊ុន Total Energies និងក្រុមហ៊ុន Chevron Corp ពីគម្រោងផលិតកម្មឧស្ម័នយ៉ាដាណា (Yadana) ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Orachon Ouiyamapun អនុប្រធានជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PTTEP បានប្រាប់ក្រុមវិនិយោគិនកាលពីម្សិលមិញថា ក្រុមហ៊ុនទទួលបានលិខិតជូនដំណឹងមួយពីក្រុមហ៊ុនបារាំង Total Energies ប៉ុន្តែមិនទាន់បានទទួលលិខិតពីក្រុមហ៊ុនអាមេរិក Chevron នៅឡើយទេ។

លោកស្រីមានប្រសាសន៍ថា៖ «មន្ត្រីប្រតិបត្តិរបស់យើងកំពុងសម្លឹងមើលបញ្ហានេះដើម្បីសម្រេចចិត្តអំពីវិធានការបន្ទាប់។ យើងមានផែនការជូនដំណឹងទៅកាន់សាធារណៈជននៅដើមខែក្រោយនេះ»

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមហ៊ុនបារាំង Total Energies និងក្រុមហ៊ុន Chevron កាលពីថ្ងៃទី២១ ខែមករា បានប្រកាសជាសាធារណៈថា ពួកគេមានផែនការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរបន្ទាប់ពីកើតមានរដ្ឋប្រហារនៅឆ្នាំមុន។

ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងស្ថានភាពចលាចលចាប់តាំងពីក្រុមយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់នៅខែកុម្ភៈ ឆ្នាំមុន។

នៅក្នុងគម្រោងឧស្ម័ន Yadana ក្រុមហ៊ុន Total Energies គឺជាប្រតិបត្តិការដោយកាន់កាប់ភាគហ៊ុន ៣១,២៤ភាគរយ ក្រុមហ៊ុន Chevron កាន់កាប់ភាគហ៊ុន ២៨,៣ភាគរយ ក្រុមហ៊ុន PTTEP កាន់កាប់ភាគហ៊ុន ២៥,៥ភាគរយ ខណៈដែលភាគហ៊ុននៅសល់កាន់កាប់ដោយក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ា MOGE។

យោងតាមកិច្ចព្រមព្រៀង បន្ទាប់ពីការដកខ្លួន ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Total Energies នឹងត្រូវចែករំលែកក្នុងចំណោមដៃគូបច្ចុប្បន្ន លុះត្រាតែពួកគេជំទាស់ទៅនឹងការបែងចែងនេះ ហើយតួនាទីជាប្រតិបត្តិករនឹងត្រូវចូលកាន់កាប់ដោយដៃគូបច្ចុប្បន្ននាមួយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕