(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅឆ្នាំ២០២១ មានចំនួន៥៥ពាន់តោន ធៀបនឹងឆ្នាំ២០២០ មានកំណើន២៨ភាគរយ ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ការដឹកជញ្ជូនទំនិញឃើញថា មានការកើនឡើងមកវិជ្ជមានវិញ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅឆ្នាំ២០២១»។

លោក ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា កត្ដាដែលធ្វើឲ្យការដឹកជញ្ជូនទំនិញកើនឡើង ដោយសារតែការដឹកជញ្ជូនទំនិញ តាមផ្លូវគោក និងផ្លូវទឹក មានតម្រូវការខ្ពស់ ហើយមានការឡើងថ្លៃ ស្របពេលដែលពេលវេលានៃការដឹកជញ្ជូនប្រើពេលយូរទៀតផង។

លោកបានឲ្យដឹងទៀតថា ការដឹកជញ្ជូនតាមផ្លូវអាកាស នៃទំនិញទូទៅមួយចំនួន ជាពិសេសទំនិញដែលមានតម្លៃ មានភាពលឿន និងតម្លៃមានភាពសមរម្យ ជាមួយនឹងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក ស្របទៅតាមពេលវេលានៃការដឹកជញ្ជូន ដែលធ្វើឲ្យការដឹកជញ្ជូន តាមផ្លូវអាកាសមានការកើនឡើង។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ធ្លាប់ប្រាប់បណ្ដាញព័ត៌មាន Fresh News សន្ទុះអ្នកដំណើរចេញ-ចូលកម្ពុជា តាមផ្លូវអាកាស មានការកើនឡើងមួយកម្រិត ដោយមានភ្ញៀវចន្លោះ ៧៥០-១០០០នាក់ក្នុងមួយថ្ងៃ ក្រោយរាជរដ្ឋាភិបាល មិនតម្រូវឲ្យមានការធ្វើចត្តាឡីស័ក។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ដល់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សំាងពេញលេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ កាលពីពិភពលោក មិនទាន់រងការវាយប្រហារដោយជំងឺកូវីដ១៩ ក្នុងមួយថ្ងៃៗ កម្ពុជាមានជើងហោះហើរប្រមាណ ជាង៣០០ជើង ឬ១ម៉ឺនជើងក្នុង១ខែ៕