(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ នៅសាលាជាតិគយ នាថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់អនុសាសន៍ថ្មីៗបន្ថែមចំនួន៨ចំណុច ដើម្បីជួយបង្កើន ប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយក-ដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានថវិកា ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធវីដេអូ (Zoom) របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ផងដែរ។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានឡើងធ្វើសេចក្តីរបាយការណ៍ ពីលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ ដោយបានបញ្ជាក់ថា គយប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះគឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

លោក គុណ ញឹម បន្តថា បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថាអាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល (ត្រូវជា ៣៧.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៣,៥១៣ ប៊ីលានរៀល (ត្រូវជា ៣៨.៨%នៃចំណូលសរុប), ពន្ធគយមានចំនួន ១,៦៧១.៦ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល (ត្រូវជា ៤.៣% នៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល (ត្រូវជា ២.០% នៃចំណូលសរុប)។

ចំពោះចំណូលតាមក្រុមទំនិញ ឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ ប៊ីលានរៀល (ត្រូវជា ៤៣% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២,៥៧៩.៤ ប៊ីលានរៀល (ត្រូវជា ២៧.៨% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២,១៥៧.១ ប៊ីលានរៀល (ត្រួវជា ២៣.២% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០.៤ ប៊ីលានរៀល (ត្រូវជា ៦.០% នៃចំណូលសរុប)។

ឆ្លើយតបនឹងលទ្ធផលខាងលើលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេច បាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាបានឆ្លងកាត់នូវការប្រឈមខ្លាំងពីការរាលដាលជំងឺកូវីដ-១៩ និងបានថ្លែងនូវការគាំទ្រ យ៉ាងពេញទំហឹង ដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្តការងារនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានក្រើនរំឭកនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៥ចំណុច ដែលបានថ្លែងនាពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖

* ទី១៖ បន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នូវរាល់បទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន។

* ទី២៖ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស តាមរយៈការ លើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើនឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព៌ត័មាន និងគមនាគមន៍។

ទី៣៖ បន្តពង្រឹង និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្ម ក្រោយ ពេលបញ្ចេញទំនិញពីគយ និងប្រព័ន្ធបញ្ជរតែមួយជាតិជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

* ទី៤៖ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវបណ្តាវិធានការនានា ដែលរាជ-រដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការឆ្លងរីករាល ដាលនៃ ជំងឺកូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺនេះ ពិសេសគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបណ្តាវិធានការ ដែលមានចែងនៅ ក្នុងយុទ្ធ សាស្ត្រ ស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមទាំងវិធានការជាក់ស្តែងទាំងឡាយ ដែលមានចែងនៅក្នុងឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

* ទី៥៖ ពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ សំដៅបង្កើនចំណូលជូនរដ្ឋ, ធានានូវការប្រកួតប្រជែងដោយស្មើភាពសម្រាប់ធុរកិច្ច, និងលើកស្ទួយអនុលោមភាពនិងវប្បធម៌សារពើពន្ធនៅកម្ពុជា។

បន្ថែមពីនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្ដល់ការណែនាំបន្ថែមចំនួន ៨ចំណុចទៀត រួមមាន៖

* ទី១៖ បន្តធ្វើសាមញ្ញកម្មនីតិវិធី ស្របតាមជំនួយបច្ចេកទេសដែល អគរ កំពុងទទួលបានពីដៃគូអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះក្នុងស្មារតីទទួលខុសត្រូវ និងមានភាពជាម្ចាស់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម

* ទី២៖ លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើសឱ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការ បង្ក្រាបទំនិញ ក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការ ជាមួយ អង្គភាព ពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម

* ទី៣៖ ត្រូវពន្លឿនការពិនិត្យលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងគយ ដើម្បីលើកសំណើវិសោធនកម្មនិងកែសម្រួល ឆ្លើយតបតាមការតម្រូវនាពេលបច្ចុប្បន្ន

* ទី៤៖ ត្រូវពង្រឹងការងារបច្ចេកទេសគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ

* ទី៥៖ បន្តជំរុញអនុវត្តឱ្យម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាកររថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក

* ទី៦៖ បន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្តកិច្ចសហការល្អជាមួយផ្នែកឯកជនពិសេសក្រោមយន្តការក្រុម “ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

* ទី៧៖ យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជាពិសេសការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាព

* ទី៨៖ ត្រូវបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំនូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី ផងដែរ៕