(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបន្ថែមមូលនិធិ ចំនួន១០០លានដុល្លារ សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិស័យ SMEs, វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ពិធីផ្សព្វផ្សាយស្តីពីការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិធីផ្សព្វផ្សាយ ស្តីពីការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩៖០០ព្រឹក។

ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដ៏ខ្ពង់ខ្ពស់ ក្នុងការបន្ថែមមូលនិធិ ចំនួន១០០លានដុល្លារនេះ៕