(ភ្នំពេញ)៖ JS Land PLC ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាដំបូងគេ ដែលបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា (CSX) បានបោះផ្សាយលក់មូលបត្ររបស់ខ្លួន ជាសាធារណៈជាលើកដំបូង នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ។

ក្រុមហ៊ុន JS Land ជាក្រុមហ៊ុនទី២ ដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើននៃ CSX ដែលមាននិមិត្តសញ្ញា «JSL » ភាគហ៊ុន ចុះបញ្ជីសរុបចំនួន ២៥ ៧១០ ០០០ ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រលើកដំបូង ក្នុងមួយឯកតាស្មើនឹង ១ ៩០០ រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ៤៨.៨ ប៊ីលានរៀល ឬប្រមាណ១២ លានដុល្លារអាមេរិក។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុន JS Land គឺជាក្រុមហ៊ុនល្អ និងច្បាស់លាស់មួយដែលហ៊ានចុះបញ្ជីនៅផ្សារមូលបត្រ ដោយក្រុមហ៊ុនមានអភិបាលកិច្ចល្អ មានតម្លាភាពរបាយការណ៍ហិរញ្ញវត្ថុដែលផ្តល់ទំនុកចិត្តដល់អតិថិជនមិនមែនមួយថ្ងៃ ឬមួយឆ្នាំ គឺរហូតក្នុងការកាន់កាប់នៅក្នុងការទទួលបានសិទ្ធលើខុនដូររបស់ក្រុមហ៊ុន។

លោកឧកញ៉ា កុយ ឡឺសាន ប្រធានប្រតិបត្តិក្រុមហ៊ុន JS LAND PLC បានប្តេជ្ញា ថា ក្នុងរយៈពេលដ៏វែងខាងមុខ ក្រុមនេះ នឹងបង្កើនអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនខ្លាំង ហើយលោកជឿជាក់ថាការបោះផ្សាយមូលបត្រលក់ជាសាធារណៈនេះ នឹងជួយសម្រេច គោលដៅ របស់ក្រុមហ៊ុន។

លោបន្តថា «សំខាន់ជាងនេះទៅទៀត យើងជឿថា ការក្លាយជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រ នឹងផ្តល់ឱ្យយើងនូវការប្រកួតប្រជែង ជាមួយដៃគូប្រកួតប្រជែងរបស់យើង និងអាចបង្កើតទំនុកចិត្តខ្ពស់ដល់អ្នកទិញ អ្នកវិនិយោគ និងអាជីវកម្មរបស់យើងទាំងអស់គ្នាផងដែរ»

លោក Dato' Jack Yap នាយកប្រតិបត្តិនៃ JS LAND បានលើកឡើងថា «ជាមួយការចុះបញ្ជី ក្នុងផ្សារមូលបត្រនេះ ក្រុមហ៊ុននេះនឹងអាចឈានចូល ចាប់យកចំណែកទីផ្សារខុនដូដែលមានតម្លៃសមរម្យបន្ថែមទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងចង់ផ្តល់ អត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនរបស់យើងជាមួយនឹងការកើនឡើងដើមទុនពិតប្រាកដ និងការទូទាត់ភាគលាភប្រកបដោយនិរន្តរភាព»

លោក Ranarith Iv នាយកប្រតិបត្តិនៃក្រុមហ៊ុន RHB Securities Cambodia ដែលជាទីប្រឹក្សា របស់ក្រុមហ៊ុន មានប្រសាសន៍ថា JS Land បានបង្កើតកំណត់ត្រាល្អក្នុងការអភិវឌ្ឍន៍គម្រោងខុនដូរ ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។ JS LAND នឹងក្លាយជាអ្នកអភិវឌ្ឍន៍ខុនដូរដំបូងគេ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ហើយនេះនឹងផ្តល់ឱកាសដល់សាធារណជន ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យលំនៅដ្ឋានដែលកំពុងរីកចម្រើន ជាពិសេសផ្នែកខុនដូតម្លៃសមរម្យ ដែលបានចាប់ផ្តើមទទួលបានប្រជាប្រិយភាពពីសាធារណជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុន JS LAND បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៨ឆ្នាំមកហើយ និងបញ្ចប់គម្រោងដោយជោគជ័យ នូវខុនដូ Garden Residency ក្នុងខណ្ឌសែនសុខក្នុងឆ្នាំ ២០១៩។ ខុនដូនេះមានកម្ពស់១៩ជាន់ និងមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ព្រោះវាជាខុនដូដែរមានតម្លៃសមរម្យដំបូងគេក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះJS LAND បានបើកដំណើរការគម្រោង The Garden Residency 2 នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ គម្រោងនេះមានទីតាំងស្ថិតនៅលើតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយជុំវិញសុទ្ធតែជាផ្សារទំនើបធំៗក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏គ្រោងនឹងបើកដំណើរការ Garden Residency 3 ក្នុងឆ្នាំ ២០២២ ជាមួយនឹងផែនការអភិវឌ្ឍន៍ ២០ឆ្នាំនាពេលអនាគតផងដែរ ៕