(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនដែលនាំចេញក្រោមអត្ថប្រយោជន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP នៅឡើយទេ បើទោះបីជាកិច្ចព្រមព្រៀងទាំងពីរនេះ បានចូលជាធរមានរយៈពេលជាងមួយខែមកហើយក្តី។ នេះបើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំចេញក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មូលហេតុដែលមិនទាន់មានអ្នកនាំចេញ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងទាំងពីរនេះ ដោយសារតែនាំចេញមួយចំនួន ត្រូវការបន្ថែមទៀតក្នុងការសិក្សាទីផ្សារ និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន សម្រាប់ធ្វើការនាំចេញ។

ទន្ទឹមគ្នានេះដែរ ដោយសារតែបណ្តាអ្នកនាំចេញទំនិញទាំងនោះនៅបន្តថា ប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន ដែលភាគច្រើនក៏ទទួលបានអត្រាពន្ធនាំចូលសូន្យដូចគ្នា ចំពោះមុខទំនិញដែលមានស្រាប់។ ហើយចំពោះមុខទំនិញថ្មីទៀត អ្នកនាំចេញកំពុងសិក្សាទីផ្សារបន្ថែមទៀត។

លោកបន្តថា បច្ចុប្បន្ននេះពាណិជ្ជករ និងអ្នកនាំចេញ កំពុងតែទំនាក់ទំនងជាមួយភាគីដៃគូ នៅតាមបណ្តាប្រទេសដែលត្រូវនាំចូល ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងទាំងពីរនេះ ខណៈការនាំចូលទំនិញពីចិនមកកម្ពុជា បានធ្វើឡើងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះរួចហើយ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ទាំងភាគីអ្នកទទួលទិញនៅទីផ្សារចិន ទាំងភាគីអ្នកនាំចេញនៅទីផ្សារយើង កំពុងតែធ្វើការជំរុញទៅលើទំនិញផ្សេងៗ ក្រៅពីទំនិញដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ហើយចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌ RCEP ក៏ដូចគ្នា ព្រោះកន្លងក្នុងនាមយើងជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនាមប្រទេសជាដៃគូមួយចំនួន យើងក៏ទទួលបានអត្ថប្រយោជន៍ ពីប្រទេសដៃគូទាំងនោះដែរ ដូចជាប្រទេសអូស្ត្រាលី ញូវហ្សេលែន ហើយទំនិញយើងខ្លះក៏ទទួលបានការអនុគ្រោះក្រោមប្រព័ន្ធ GSP និងទំនិញមួយចំនួន ទទួលបានការអនុគ្រោះក្រោមកិច្ចព្រមព្រៀង ជាសមាជិកអាស៊ាន»។

លោកបានពន្យល់បន្ថែមថា «ការប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP គឺផ្អែកទៅលើការខិតខំប្រឹងប្រែងការធ្វើពិពិធកម្មទំនិញថ្មីៗទៀត ដែលទទួលបានអត្ថប្រយោជន៍បានទាំងពី RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ អ្នកនាំចេញ ត្រូវការពេលវេលា បន្តិចសម្រាប់ធ្វើការសិក្សាទីផ្សារ ដែលខុសពីអ្នកនាំចេញពីចិនមកវិញ ដែលបានប្រុងប្រៀបខ្លួនមួយចំនួនរួចរាល់ហើយ ដែលទំនិញចំនួនបាននាំមកកម្ពុជារួចហើយ ក្រោមកិច្ចព្រមព្រៀងនេះ»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ។ ទីផ្សារនាំចេញក្រោមកិច្ចព្រមព្រៀង RCEP មានចំនួន១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

លោក ប៉ែន សុជាតិ បានឱ្យដឹងទៀត បច្ចុប្បន្នក្រសួងកំពុងធ្វើការជំរុញផ្សព្វផ្សាយ ដោយចង្អុលបង្ហាញនូវមុខទំនិញថ្មីៗសម្រាប់ទីផ្សារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងទីផ្សារ RCEP តាមរយៈការរៀបចំនូវសៀវភៅ ជំនួយស្មារតី ដើម្បីផលិតករ ឧស្សាហករ ទាញបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន កូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលជាការជំរុញការនាំចេញ ឱ្យអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះ។

ក្រសួងពាណិជ្ជកម្មរំពឹងថា ក្នុងរយៈពេលយ៉ាងហោចណាស់២ ឬ៣ខែខាងមុខ ឬយ៉ាងយូរត្រឹមឆមាសទី១នៃឆ្នាំនេះ កម្ពុជាអាចនឹងសម្រេចបាននូវគោលដៅ ក្នុងការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារប្រទេសនានា ក្រោមអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងទាំងពីរនេះ។

«ក្រសួងជាអ្នកប្រឹងប្រែងចរចាមែន ក៏ប៉ុន្តែវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ អីចឹងអ្វីដែលយើងអាចធ្វើបានផ្សព្វផ្សាយវិស័យឯកជនឱ្យប្រឹងស្វែងរកដៃគូ អ្នកទិញ និងទី២.ប្រឹងប្រែងផលិតឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ»។ លោក ប៉ែន សុជាតិ លើកឡើងបន្ថែម។

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្ត ដល់ធុរជន ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលមានបំណងនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារប្រទេសផ្សេងទៀត ដែលជាសមាជិកនៃកិច្ចព្រមព្រៀង RCEP រួសរាន់ទៅសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ RCEP និង CCFTA ដើម្បីទទួលបានអត្រាអនុគ្រោះពន្ធសូន្យលើការនាំចេញទំនិញ ៕