(ម៉ូស្គូ)៖ ក្រុមហ៊ុនថាមពល Gazprom របស់ប្រទេសរុស្ស៉ីអាចប្រើប្រាស់តំបន់ដែលរងទណ្ឌកម្មរបស់អាមេរិកនៅកោះ Sakhalin ក្នុងសមុទ្រប៉ាស៊ីហ្វិក ដើម្បីផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិនស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសរុស្ស៉ីដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធំទី៣ដល់ទីក្រុងប៉េកាំងរួចស្រាប់ហើយនោះ បាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដែលជាអ្នកប្រើប្រាស់ថាមពលធំបំផុត ដែលកាត់បន្ថយការពឹងផ្អែកលើអតិថិជនជាប្រចាំរបស់ខ្លួនគឺសហភាពអឺរ៉ុប ក្នុងគ្រាដែលមានភាពតានតឹងជាមួយប្រទេសលោកខាងលិច។

លោកនាយករដ្ឋរុស្ស៉ី Vladimir Putin បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នថ្មីមួយកាលពីថ្ងៃសុក្រ ដែលនឹងបង្កើនការនាំចេញឧស្ម័នពីតំបន់ចុងបូព៌ារបស់រុស្ស៉ី ជាទីដែលបណ្តាញបំពងឧស្ម័នមិនត្រូវបានភ្ជាប់ ទៅកាន់បំពង់បង្ហូរឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុប។

ក្រុមហ៊ុនថាមពលរដ្ឋរុស្ស៉ី Gazprom បានឱ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ឧស្ម័នរយៈពេលវែង ជាមួយក្រុមហ៊ុនរដ្ឋចិន China National Petroleum Corporation (CNPC) ដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិតាមរយៈបំពង់បង្ហូរនៅចុងបូព៌ា។

ខណៈដែលគម្រោងនេះបង្កើនសមត្ថភាពដល់កម្រិតពេញលេញ បរិមាណផ្គត់ផ្គងល់ឧស្ម័នតាមបំពង់បង្ហូររបស់រុស្ស៉ីទៅកាន់ប្រទេសចិននឹងកើនឡើង ១០លានម៉ែត្រគុបក្នុងមួយឆ្នាំ ដែលសរុបមាន ៤៨លានម៉ែត្រគុបក្នុងមួយឆ្នាំ រួមទាំងការផ្គង់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័ន Power of Siberia ដែលមានស្រាប់។

ក្រុមហ៊ុន Gazprom មិនបានបង្ហើបពីប្រភពឧស្ម័នសម្រាប់កិច្ចព្រមព្រៀងនេះទេ។ ក្រុមហ៊ុន Gazprom និងក្រុមហ៊ុន CNPC មិនបានឆ្លើយតបទៅនឹងការសុំអត្ថាធិប្បាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រឡើយ។

ប្រភពពីរបានឱ្យដឹងថា ឧស្ម័នអាចមានប្រភពមកពីតំបន់ឧស្ម័ននៃកោះ Sakhalin រួមទាំងតំបន់ Yuzhno-Kirinskoye ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មក្នុងឆ្នាំ២០១៥ ដោយសារតួនាទីរបស់ទីក្រុងម៉ូស្គូក្នុងវិបត្តិប្រទេសអ៊ុយក្រែន។

តំបន់នេះ ដែលជាផ្នែកមួយនៃប្លុក Kirinsky នៅក្នុងសមុទ្រ Sea of Okhotsk ក៏មានប្រេងផងដែរ ខណៈដែលទណ្ឌកម្មមានការពាក់ព័ន្ធនឹងការរុករក និងផលិតកម្មប្រេងនិងឧស្ម័នក្នុងសមុទ្រទឹកជ្រៅរបស់រុស្ស៉ី។

ទណ្ឌកម្មទាំងនេះរារាំងក្រុមហ៊ុនបរទេសមិនឱ្យមកធ្វើអាជីវកម្មរុករកអ៊ីដ្រូកាបូនក្នុងតំបន់ទាំងនេះ ហើយការនាំចេញឧស្ម័នពីតំបន់ Yuzhno-Kirinskoye អាចបង្ហាញថា រុស្ស៉ីបានយល់ដឹងរបៀបទប់ទល់នឹងការដាក់ទណ្ឌកម្មទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័តមានរ៉យទ័រ៕