(វ៉ាស៊ីនតោន)៖ ឱនភាពពាណិជ្ជកម្មអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំ២០២១ ខណៈដែលការនាំចូលបានកើនឡើងខ្លាំងក្នុងគ្រាដែលក្រុមហ៊ុននានានាំគ្នាទិញទំនិញបំពេញស្តុកឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ឱនភាពពាណិជ្ជកម្ម (តម្លៃនាំចូលខ្ពស់ជាងនាំចេញ) នេះដែលរាយការណ៍ដោយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរការចំណាយ លើសេវាកម្មឆ្ពោះទៅការចំណាយលើទំនិញក្នុងអំឡុងមានការរាតត្បាតជំងឺកូវីដ-១៩។ ដោយសារក្រុមហ៊ុននានាមានបំណងទិញទំនិញបំពេញស្តុកទំនិញឡើងវិញនៅឆ្នាំមុន ឱនភាពពាណិជ្ជកម្មមិនទំនងជាធ្លាក់ចុះខ្លាំងទេនៅឆ្នាំនេះ ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

លោក Tim Quinlan សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Wells Fargo នៅរដ្ឋ North Carolina បានថ្លែងថា៖ «តម្រូវការទិញបំពេញស្តុកនៅសហរដ្ឋអាមេរិកនឹងធ្វើឱ្យការនាំចូលមានកំណើនខ្លាំង បើទោះជាមានការផ្លាស់ប្តូរតម្រូវការក្នុងស្រុកទៅកាន់សេវាកម្មវិញក៏ដោយ។ ជាចុងក្រោយ ខណៈដែលតម្រូវការក្នុងស្រុកចាប់ផ្តើមថមថយ ហើយការស្ទុះងើបសេដ្ឋកិច្ចពិភពលោកឡើងវិញបន្តកើតមាន យើងរំពឹងថា ពាណិជ្ជកម្មនឹងកាន់តែប្រែក្លាយទៅជាកម្លាំងអព្យាក្រឹត្យចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ»។

ឱនភាពពាណិជ្ជកម្មបានកើនឡើង ២៧ភាគរយនៅឆ្នាំ២០២១ ដែលកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ៨៥៩,១ប៊ីលានដុល្លារ។ នៅឆ្នាំ២០២០ ឱនភាពនេះមានចំនួនតែ ៦៧៦,៧ប៊ីលានដុល្លារប៉ុណ្ណោះ។

ឱនភាពពាណិជ្ជកម្មនេះស្មើនឹង ៣,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប កើនឡើងពី ៣,២ភាគរយនៅឆ្នាំ២០២០។ ឱនភាពពាណិជ្ជកម្មនេះបានកាត់បន្ថយកំណើន ផ.ស.ស ចំនួន ១,៣៩ពិន្ទុភាគរយនៅឆ្នាំមុន។

សេដ្ឋកិច្ចអាមេរិកកើនឡើង ៥,៧ភាគរយនៅឆ្នាំ២០២១ ដែលជាកំណើនខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៨៤មក បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ថវិកាជំនួយក្នុងអំឡុងពេលរាតត្បាតជំងឺជិត ៦ទ្រីលានដុល្លារ ដែលជួយជំរុញដល់ការចំណាយរបស់អ្នកប្រើប្រាស់ទៅលើទំនិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕