(បូស្តុន)៖ ក្រុមហ៊ុន ValueAct Capital ដែលជាម្ចាស់ភាគហ៊ុន Seven & i Holdings ដែលម្ចាស់ហាងទំនិញ 7-Eleven កំពុងជំរុញឱ្យក្រុមហ៊ុនជប៉ុនមួយនេះបំបែកអាជីវកម្មនានារបស់ខ្លួន និងផ្តោតលើហាងទំនិញនេះ ពោលគឺជាវិធានការដែលក្រុមហ៊ុននេះនិយាយថានឹងអាចបង្កើនតម្លៃភាគហ៊ុនជាងទ្វេដងក្នុងឆ្នាំខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន ValueAct ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបាននិងកំពុងជំរុញក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជប៉ុន Seven & i Holdings ឱ្យចាត់វិធានការឱ្យបាររឹងមាំនោះ បានលើកសំណើនេះជាសាធារណៈកាលពីថ្ងៃអង្គារ ខណៈដែលវិនិយោគិនកាន់តែមានការភ្ញាក់ផ្អើលជាមួយនឹងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Seven & i Holdings ដែលកំពុងធ្លាក់ចុះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុន ValueAct និយាយថា បើក្រុមហ៊ុន Seven & i ងាកមកផ្តោតលើហាងទំនិញ 7-Eleven ហាងទំនិញនេះអាចក្លាយជាហាងទំនិញនាំមុខគេក្នុងពិភពលោកនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននេះ ហើយក្រុមហ៊ុន ValueAct បានរំឭកថា បើការផ្តោតរបស់ក្រុមហ៊ុន Seven & i នៅតែមិនច្បាស់លាស់នោះ លទ្ធផលនឹងមិនល្អឡើយសម្រាប់ម្ចាស់ភាគហ៊ុនជាច្រើន។

ក្រុមហ៊ុន ValueAct ដែលកាន់កាប់ភាគហ៊ុន ៤,៤ភាគរយនៅក្នុងក្រុមហ៊ុន Seven & i បានឱ្យដឹងទៀតថា ខ្លួនលើកឡើងជាសាធារណៈនេះ ដែលជាទង្វើដ៏កម្រមួយសម្រាប់ក្រុមហ៊ុនវិនិយោគនោះ គឺដោយសារតែការឆ្លើយតបរបស់ថ្នាក់គ្រប់គ្រងទៅនឹងកិច្ចពិភាក្សាឯកជនរបស់ខ្លួននៅមានភាពរុញរា មិនច្បាស់លាស់ និងមិនទទួលបានការពេញចិញ។

កាលពីខែមុន ក្រុមហ៊ុន ValueAct បានឱ្យដឹងជាលើកដំបូងជាសាធារណៈថា ក្រុមហ៊ុន Seven & i គួររិះរកជម្រើសយុទ្ធសាស្រ្តនានា និងបានបន្ថែមសម្ពាធមួយចំនួនទៅលើសំណើរបស់ខ្លួនតាមរយៈការនិយាយថា ខ្លួនចង់បានការឆ្លើយតបជាសាធារណៈទៅនឹងសំណើរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន ValueAct ក៏បានស្នើទៅកាន់ក្រុមហ៊ុន Seven & i ឱ្យទាក់ទងទៅកាន់ម្ចាស់ភាគហ៊ុនធំៗចំនួន ៣០ ហើយស្តាប់យោបល់របស់ពួកគេផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបន្តថា ក្រុមហ៊ុន ValueAct ស្ថិតក្នុងចំណោមក្រុមហ៊ុនវិនិយោគមួយចំនួនរួមទាំងក្រុមហ៊ុន Third Point ក្រុមហ៊ុន Third Avenue Management និងក្រុមហ៊ុន Artisan Partners ដែលបានព្យាយាមជំរុញឱ្យមានការផ្លាស់ប្តូរក្នុងក្រុមហ៊ុន Seven & i និងបានទទួលការឆ្លើយតបយ៉ាងខកចិត្ត។

ចាប់តាំងពីឆ្នាំ២០០៧ មក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Seven & i បាននិងកំពុងទទួលបានលទ្ធផលមិនល្អខ្លាំង ដោយកើនឡើងតែ ៤,៦ភាគរយប៉ុណ្ណោះធៀបនឹងក្រុមហ៊ុនជាគូប្រជែងផ្សេងទៀតដូចជាក្រុមហ៊ុន Alimentation Couche-Tard ដែលជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារនេះ ដែលភាគហ៊ុនរបស់ក្រុមហ៊ុននេះកើនឡើង ១៨,៥ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕