(ភ្នំពេញ)៖ សហគ្រិនខ្មែរ (KE) ដែលស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចុះកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌល សម្រាប់ការលើកកម្ពស់ការនាំចូល (CBI) ក្នុងនាមតំណាងឲ្យក្រសួងពាណិជ្ជកម្មបរទេស និងសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសហូឡង់។

ស្ថាប័នទាំងពីរនឹងជួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យតុបតែងផ្ទះ និងវាយនភណ្ឌគេហដ្ឋាន តភ្ជាប់ជាមួយទីផ្សារអឺរ៉ុប និងពិភពលោក។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បញ្ជាក់ថា «ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធ្វើពិពិធកម្មនាំចេញ និងផលិតផលសិប្បកម្មកម្ពុជា ប្រកបដោយគុណភាពគម្រោងសហការនេះ នឹងបង្ហាញផលិតផលពីប្រទេសកម្ពុជា ទៅទីផ្សារអន្តរជាតិដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការគាំទ្រអាជីវកម្មដែលមានស្រាប់ និងការបើកទីផ្សារថ្មី សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុង វិស័យសិប្បកម្មដែលជួបប្រទះការលំបាកដោយសារវិបត្តិកូវីដ-១៩»

Pauline Döll ប្រធានស្ថាប័ន CBI បានលើកឡើងថា «កិច្ចសហប្រតិបត្តិការជាមួយសហគ្រិនខ្មែរ នឹងជួយដល់វិស័យ សិប្បកម្ម និងជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានជ្រើសរើស។ ជាមួយនឹងគម្រោងនេះ យើងនឹងរួមចំណែកដល់កំណើនប្រកប ដោយនិរន្តរភាពនៃវិស័យនេះ និងភាពជោគជ័យនៅក្នុងទីផ្សារអន្តរជាតិ»

នៅក្នុងគម្រោងរួមគ្នានេះ សហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យមដែលបាន ជ្រើសរើស ក្នុងការជួយឱ្យពួកគេអនុវត្តសកម្មភាពត្រៀមខ្លួនផ្នែកទីផ្សារ។ CBI នឹងផ្តល់ការបង្វឹក ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកទីផ្សារ។ សហគ្រាសធុនតូច និងមធ្យមនឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងការណែនាំ ដែលនឹងត្រូវដឹកនាំដោយគ្រូបង្វឹក CBI ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

វគ្គបណ្តុះបណ្តាល និងការណែនាំទាំងនេះនឹងគ្របដណ្តប់លើប្រធានបទផ្នែកទីផ្សារ និងការរចនា ផ្នែកស្តង់ដារ និងតម្រូវការច្បាប់របស់សហភាពអឺរ៉ុប ផ្នែកការអនុវត្តប្រកបដោយនិរន្តរភាព និងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម។ លើសពីនេះ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យមនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញ និងបំពេញតម្រូវការនាំចេញ។ ពួកគេនឹងទទួលបានការចុះឈ្មោះស្របច្បាប់ និងវិញ្ញាបនប័ត្រគុណភាពផលិតផល បង្កើតដំណោះស្រាយផ្នែកលក់ឌីជីថល និងការគ្រប់គ្រងហិរញ្ញវត្ថុ និងបង្កើតឱកាសលក់ដោយការផ្ញើគំរូផលិតផល។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមថា ការលើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សារពិភពលោក គឺមានសារៈសំខាន់ ដោយកម្មវិធីនេះនឹងជួយសហគ្រាសធុនតូច និងមធ្យមពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ Pauline កត់សម្គាល់ថា ក្រៅពីការគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមដែលបានជ្រើសរើស ភាពជាដៃគូនេះ ក៏ជួយដល់ការអភិវឌ្ឍន៍បរិយាកាសអាជីវកម្មសម្រាប់វិស័យតុបតែងផ្ទះ និងវាយនភណ្ឌគេហដ្ឋាន នៅប្រទេសកម្ពុជាផងដែរ។

គម្រោងរួមគ្នានេះនឹងដំណើរការរហូតដល់ឆ្នាំ ២០២៤។ សហគ្រិនខ្មែរ និង CBI នឹងចូលរួមក្នុងសកម្មភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារ និងជួយសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យកាន់តែមានភាព ប្រកួតប្រជែង៕