(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodiaតំណាងឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានសហការគ្នាក្នុងការដាក់ឱ្យអនុវត្តផ្លូវការ គម្រោងថ្មីមួយឈ្មោះថា «គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម, Improving Small Package e-Trade for SMEs (SeT4SME)»

ពិធីនេះបានរៀបចំឡើងក្រោមការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដៃគូអនុវត្តគម្រោង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។

លោក ប៉ាន សូរស័ក្ដិ បានសម្តែងការថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតគម្រោង SeT4SME នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តន៍ពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

លោករដ្ឋមន្រ្តីបានលើកឡើងថា ការចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែកផ្តល់អត្ថប្រយោជន៍ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។

លោកបានបន្តថា ការអនុវត្តគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។

លោកបានបញ្ជាក់ថា នេះជាជំហ៊ានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ (CTIS 2019-2023) ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលថ្មីៗ កន្លងមកផងដែរ។

សូមជម្រាបជូនថា គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយសម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាសធុនតូច និងធម្យមកម្ពុជា។ ដៃគូអនុវត្តន៍គម្រោងនេះរួមមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយធ្វើការសហការបច្ចេកទេសជាមួយអង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួមសហការអនុវត្តន៍ ពីវិស័យឯកជនក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធិភាព។

គម្រោងនេះប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)៕