(ភ្នំពេញ)៖ នៅឆ្នាំ២០២១ អ្នកចុះឈ្មោះប្រើប្រាស់សេវាទូរសព្ទចល័តនៅកម្ពុជាមានចំនួន ២០.៥៣លានលេខ ស្មើនឹង១២២.៨៤% នៃចំនួនប្រជាជនសរុប ខណៈការតភ្ជាប់អ៊ីនធឺណិត តាមឧបករណ៍ចល័តមានចំនួន១៧.៣៥លានលេខ ស្មើនឹង១០៥.៦០% នេះបើតាមឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

តាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥នេះ បានឱ្យដឹងថា នៅឆ្នាំ២០២១ មានអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ិនធឺណិតប្រមាណ១៧.៦៥លាន ក្នុងនោះអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ិនធឺណិតចល័ត មានប្រមាណ១៧.៣៥លាន។

ជាមួយគ្នានេះមានយុវជនជនប្រមាណ៣៧% នៃចំនួនប្រជាជនសរុប អាចចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានលឿន ស្របពេលអាជីកម្ម ដែលប្រើបច្ចេកវិទ្យាឌីជីថលបានកើនឡើងស្របពេលនឹងការកកើតនៃក្រុមហ៊ុនធុរកិច្ចឌីជីថល ជាបន្តបន្ទាប់។

ចំណែកក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័តមានចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតអចល័តមានចំនួន៣៥ ក្នុងនោះការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 2G មានចំនួន៩២.៣% នៃប្រជាជនសរុប ការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 3G មាន៨៥.២% និងការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 5G មានចំនួន៨២.៥%។

កម្ពុជាមានបណ្តាញខ្សែកាបអុបទិកមានប្រមាណ៤៦ពាន់គីឡូម៉ែត្រ និងបណ្តាខ្សែកាបអុបទិកក្រោមសមុទ្រមានចំនួន២ ក្នុងនោះខ្សែកាបអុបទិកក្រោមសមុទ្រទី១ តភ្ជាប់កម្ពុជាទៅប្រទេសថៃ និងម៉ាឡេស៊ី និងខ្សែទី២ តភ្ជាប់កម្ពុជា ទៅប្រទេសចំនួន១៨ ក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ប៉ុន្តែយ៉ាងណាដ្ឋរចនាសម្ព័ន្ធទូរគមនាគមន៍នេះ មិនទាន់គ្រប់ដណ្តប់នៅទូទាំងប្រទេសនៅឡើយ ខណៈបណ្តាញទូរសព្ទចល័តជំនាន់ទី៤ (4G) កំពុងផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណ៨០%។

រដ្ឋាភិបាលមានយុទ្ធសាស្រ្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតល្បឿនលឿនតាមរយៈ ការពង្រឹងគុណភាព និងការពង្រីកវិសាលភាពគ្របដណ្តប់សេវាទូរសព្ទចល័តជំនាន់ទី៤ (4G) ដើម្បីឈោងទៅចាប់យកសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ព្រមទាំងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿន ដល់គ្រប់ឃុំសង្កាត់។

សូមជម្រាបថា កាលពីឆ្នាំ២០២០ កម្ពុជារកបានចំណូលពីវិស័យទូរគមនាគមន៍មានប្រមាណ១ ១០០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៤.២% នៃផលិតផលក្នុងស្រុកសរុប ដែលអត្រានេះមានកម្រិតខ្ពស់ បើធៀបទៅនឹងប្រទេសកំពុងអភិវឌ្ឍ៕