(បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចជ្រើសរើសយក «ដូងខ្ទិះបាត់ដំបង» ក្នុងការរៀបចំចុះបញ្ជីម៉ាកសមូសហភាព ដើម្បីជំរុញ ឱ្យផលិតផល «ដូងខ្ទិះបាត់ដំបង» ក្លាយផលិតផលសក្តានុពលក្នុងស្រូបទាញការវិនិយោគ ផ្នែកឧស្សាហកម្មចំណីអាហារ។

លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងថា ការជ្រើសរើសយក «ដូងខ្ទិះបាត់ដំបង» នេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការទាញប្រយោជន៍ជាអតិបរមា ពីផលិតផលសក្តានុពលរបស់ខេត្តនីមួយៗ ដោយ ជំរុញផលិតកម្មកសិកម្ម ទៅជាកសិពាណិជ្ជកម្មដែលអាចផ្គត់ផ្គង់បរិមាណច្រើន លើកកម្ពស់កសិឧស្សាហកម្ម ដោយជំរុញការកែច្នៃ ដើម្បីផ្តល់នូវតម្លៃបន្ថែមខ្ពស់ និងពិពិធកម្មទំនិញច្រើនមុខពីផលិតផលគោលមួយមុខ ដូចជាកែច្នៃដូងខ្ទិះ ទៅជាផលិតផលកំប៉ុង ដែលអាចរក្សាទុកបានយូរ និងងាយស្រួលនាំចេញ និង កែច្នៃតំបន់ផលិតកម្មដាំដុះទៅជាគោលដៅទេសចរណ៍បែបកសិទេសចរណ៍ ដើម្បីបង្កើនការងារ និងចំណូលបន្ថែមដល់ប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកថ្លែងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព ដូងខ្ទិះបាត់ដំបង ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ។

លោកបន្តថា ដោយមើលឃើញពីលក្ខណៈពិសេសនៃដូងខ្ទិះបាត់ដំបង និងសក្តានុពលនៃការផ្សារភ្ជាប់ផលិតផលនេះ ជាមួយទីផ្សារដែលជាការចូលរួមបង្កើនចំណូលប្រជាពលរដ្ឋមូលដ្ឋាន ហើយដូងខ្ទិះបាត់ដំបងអាចជាសក្តានុពល ក្នុងស្រូបទាញការវិនិយោគផ្នែកឧស្សាហកម្មចំណីអាហារ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមនូវគម្រោងកសាងម៉ាកសមូហភា «ដូងខ្ទិះបាត់ដំបង» ក្នុងគោលបំណងកសាងជាម៉ូដែលអាជីវកម្មថ្មីមួយ បង្កើតម៉ាកសម្គាល់ច្បាស់លាស់ ដែលបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើសរបស់អ្នកបរិភោគ ចុះបញ្ជីការពារក្នុងកម្រិតជាតិ ប្រើប្រាស់ជាឧបករណ៍ទីផ្សាររួម និងអាចចូលរួមប្រកួតប្រជែងមុខម្ហូបកម្រិតជាតិ និងអន្ដរជាតិ លើកកម្ពស់ និងអភិរក្សចំណេះជំនាញ លើកកម្ពស់ និងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង» ប្រើប្រាស់ម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង» លើមុខម្ហូបដែលជាទីពេញនិយម ធ្វើឧបករណ៍ទាក់ ទាញភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។

លោកលើកឡើងទៀតថា «បន្ថែមលើអត្ថប្រយោជន៍ខាងលើនេះ ការកសាងម៉ាកសមូហភាពដូងខ្ទិះបាត់ដំបងនេះ នឹងរួមចំណែកកែប្រែផលិតផលដូងខ្ទិះបាត់ដំបង ពីផលិតផលសាមញ្ញ ទៅជាផលិតផលមួយ ដែលតំណាងរបស់ កម្ពុជានៅបរទេស ងាយស្រួលផ្សព្វផ្សាយក្នុងពិព័រណ៍ពាណិជ្ជកម្ម និងប្រើប្រាស់បង្ហាញក្នុងការទូតម្ហូបអាហារ (Food Diplomacy) ដើម្បីផ្សារភ្ជាប់ជាមួយវប្បធម៌ម្ហូបអាហាររបស់ប្រជាជនកម្ពុជា ដោយហេតុថា ផលិតផលដូងខ្ទិះនេះអាចប្រើជាធាតុផ្សំយ៉ាងពិសេសសម្រាប់មុខម្ហូប និងបង្អែមដទៃទៀត ហើយតាមរយៈការបង្ហាញមុខម្ហូបដែលប្រើប្រាស់គ្រឿងផ្សំដូងខ្ទិះបាត់ដំបងនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះម៉ាកសមូហភាព កាន់តែល្បីរន្ទឺដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីគ្រប់ជាតិសាសន៍ឱ្យចង់ស្គាល់ និងចង់ភ្លក់រស់ជាតិ»៕