(ភ្នំពេញ)៖ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥គម្រោង ក្រោមទុនវិនិយោគជិត ២៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍របស់ CDC បានឲ្យដឹងទៀតថា ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៨គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែចេក និងកសិដ្ឋានដំណាំចេក, រោងចក្រវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហារ ចំនួន៤គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃក្តារបន្ទះ និងផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ, ផលិត និងផ្គុំដំឡើងបន្ទះសូឡា ចំនួន២គម្រោង, គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាល និងគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ចំនួន២គម្រោង, គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា និងរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ ចំនួន៣គម្រោង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ពិតមែនតែកម្ពុជាជួបនូវបញ្ហាកូវីដ១៩ ប៉ុន្ដែកំណើននៃការវិនិយោគ នៅតែមានការកើនឡើង។

ឧកញ៉ាបន្តថា កម្ពុជាត្រូវអនុវត្ដកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយនឹងប្រទេសចិន, កូរ៉េ និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ RCEP, EBA ជាមួយនឹងសហគមន៍អឺរ៉ុប និង GSP ជាមួយអាមេរិក និងអង់គ្លេស ដូច្នេះនឹងធ្វើឲ្យវិនិយោគិន សំដៅមកប្រទេសកម្ពុជា ព្រោះថា ប្រទេសកម្ពុជាជាជម្រើសដ៏ល្អសម្រាប់ការវិនិយោគ នាពេលបច្ចុប្បន្ន និងពេលអនាគត៕