(បាងកក)៖ ប្រទេសថៃមានផែនការរៀបចំការពិភាក្សាអំពីការរៀបចំការធ្វើដំណើរ (travel bubble) ជាមួយប្រទេសចិន និងម៉ាឡេស៊ីនៅខែនេះ ដែលផែនការនេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីចាប់ផ្តើមឡើងវិញនៃកម្មវិធីទិដ្ឋាការលើកលែងការធ្វើចត្តាឡីស័ក ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-Ocha ឆាប់ៗនេះនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិនអំពីសេចក្តីលម្អិតសម្រាប់កិច្ចព្រមព្រៀងធ្វើដំណើរទ្វេភាគីដែលអាចកើតមានឡើងមួយ។

លោកថ្លែងថា មន្ត្រីថៃក៏កំពុងរៀបចំកិច្ចពិភាក្សានានាជាមួយប្រទេសជិតខាងម៉ាឡេស៊ីផងដែរនៅក្នុងខែនេះសម្រាប់កិច្ចព្រមព្រៀងប្រហាក់ប្រហែលគ្នានេះ។

ប្រទេសថៃកំពុងព្យាយាមសម្រេចបានកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ពីការាតត្បាតជំងឺកូវីដ-១៩ បន្ទាប់ពីដាក់ចេញកម្មវិធីលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច និងបន្ទាប់ពីកម្មវិធីទេសចរណ៍មួយចំនួនដែលបានដាក់ចេញកន្លងមក មិនអាចទាក់ទាញភ្ញៀវទេសចរបាន។

លោក Tim Leelahaphan សេដ្ឋវិទូនៅទីក្រុងបាងកកមកពីក្រុមហ៊ុន Standard Chartered Plc បានឱ្យដឹងថា៖ «យើងគិតថា ការរៀបចំការធ្វើដំណើរមួយ (travel bubble) នឹងមានភាពវិជ្ជមានសម្រាប់វិស័យទេសចរណ៍ថៃជាងការអនុវត្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក Test & Go ដោយសារកម្មវិធី Test & Go តែមួយមិនគ្រប់គ្រាន់ដើម្បីទាក់ទាញភ្ញៀវទេសចរដែលនឹងត្រូវធ្វើចត្តាឡីស័កនៅពេលពួកគេវិលត្រលប់ទៅវិញទេ»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ភ្ញៀវទេសចរចិន និងម៉ាឡេស៊ី មានចំណែកច្រើនជាងមួយភាគបីនៃចំនួនភ្ញៀវទេសចរ ៤០លាននាក់ដែលបានទៅទស្សនាប្រទេសថៃក្នុងឆ្នាំ២០១៩ ដែលចូលរួមចំណែកដល់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ២០ប៊ីលានដុល្លារ។

លោក Thanakorn អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបានបន្ថែមថា ស្ថិតក្រោមកម្មវិធី travel bubble ភ្ញៀវទេសចរនឹងមិនចាំបាច់ធ្វើចត្តាឡីស័កទេ ហើយពួកគេអាចរីករាយនឹងទិដ្ឋាការ និងការរៀបចំការស្នាក់នៅពិសេស។ លោកបន្ថែមថា ប្រទេសដែលមានកិច្ចព្រមព្រៀង travel bubble នឹងត្រូវព្រមព្រៀងលើកូតាមួយសម្រាប់អ្នកធ្វើដំណើរ និងកំណត់តំបន់ជាក់លាក់សម្រាប់ការធ្វើដំណើររបស់ពួកគេ ដើម្បីទប់ស្កាត់ការផ្ទុះជំងឺកូវីដជាថ្មី៕