(ស៊ាងហៃ)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការបន្តដកហូតពន្ធរបស់អាមេរិកលើផលិតផលថាមពលពន្លឺព្រះអាទិត្យ (សូឡា) ប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងរារាំងដល់ការអភិវឌ្ឍថាមពលសា្អត និងបញ្ចេញកាបូនទាប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកប្រធានាធីបតីអាមេរិក Joe Biden កាលពីថ្ងៃចុងសប្តាហ៍មុន បានបន្តអនុវត្តការដកហូតពន្ធលើការនាំចូលឧបករណ៍ថាមពលសូឡារយៈពេល ៤ឆ្នាំទៀត បើទោះជាលោកបានបន្ធូរបន្ថយលក្ខខណ្ឌខ្លះដោយផាត់ចេញផ្ទាំងសូឡាដែលមានមុខសងខាងដែលផ្ទះនេះមានសមត្ថភាពបង្កើតថាមពលបានទាំងសងខាង និងត្រូវបានប្រើប្រាស់ច្រើនក្នុងចំណោមគម្រោងធំៗនៅអាមេរិក។

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកហូតពន្ធលើការនាំចូលផ្ទាំងសូឡារបស់ចិនក្នុងឆ្នាំ២០១៨ ដោយប្រើប្រាស់សិទ្ធិស្ថិតក្រោមមាត្រា ២០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។ ការដកហូតពន្ធនេះបានចាប់ផ្តើមពីអាត្រា ៣០ភាគរយហើយបានធ្លាក់ចុះមកត្រឹម ១៥ភាគរយ។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «រដ្ឋាភិបាលអាមេរិកទទូចចង់បន្ត អនុវត្តវិធានការស្ថិតក្រោមមាត្រា ២០១ បើទោះជាមានការជំទាស់ខ្លាំងពីភាគីពាក់ព័ន្ធនៅក្នុងប្រទេស និងនៅក្រៅប្រទេសក្តី ហើយការបន្តដកហូតពន្ធនេះមិនត្រឹមតែមិនបានជួយដល់ការអភិវឌ្ឍនៃឧស្សាហកម្មអាមេរិកនៅក្នុងប្រទេសទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចដល់សណ្ឋាប់ធ្នាប់ប្រក្រតីនៃពាណិជ្ជកម្មអន្តរជាតិក្នុងវិស័យផ្ទាំងថាមពលពន្លឺព្រះអាទិត្យដែលជាផលិតផលថាមពលថ្មីទៀតផង»

ប្រទេសចិនបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការរឹងមាំដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មសេរីក្នុងផលិតផលថាមពលថ្មី និង «ចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោកក្នុងសេដ្ឋកិច្ចដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាប»

ដោយសារការកើនឡើងកិច្ចគាំពារនិយមនៅបរទេស និងការកើនឡើងតម្រូវការក្នុងស្រុក ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ប្រទេសចិន បានផ្តោតកាន់តែខ្លាំងលើទីផ្សារក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕