(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុនខិតជិតទៅរកការសម្រេចបានកិច្ចព្រមព្រៀងមួយដែលនឹងជម្រុះចោលមួយផ្នែកនូវពន្ធគយដែលបានដាក់ទៅលើការនាំចូលដែកពីប្រទេសជប៉ុនក្នុងឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័តមាន Bloomberg។

ទីភ្នាក់ងារព័តមាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Kyodo ថា ប្រទេសទាំងពីរមិនទាន់បានពិភាក្សាបញ្ចប់អំពីទំហំកូតាលើកលែងពន្ធគយនាំចូល និងសេចក្តីលម្អិតមួយចំនួនផ្សេងទៀតនៅឡើយទេ។

ប្រទេសជប៉ុនបាននិងកំពុងអំពាវនាវឱ្យមានការលុបចោលទាំងស្រុងនូវការដកហូតពន្ធលើការនាំចូលដែករបស់ខ្លួន ដែលបានដាក់ដោយលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក តាមរយៈការដកហូតពន្ធគយបន្ថែម ២៥ភាគរយទៀតទៅលើការនាំចូលដែល និង ១០ភាគរយទៅលើការនាំចូលអាលុយមីញ៉ូម។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមទាំងកាសែត Nikkei ផងដែរនោះ បានរាយការណ៍ថា ការលើកលែងភាគច្រើនគ្រោងនឹងចាប់ផ្តើមនៅរដូវផ្ការីកខាងមុខនេះ (ពីខែមីនា ដល់ខែមិថុនា)។ យោងតាមកាសែត Nikkei ពន្ធបន្ថែមលើអាលុយមីញ៉ូមនឹងមិនត្រូវបានលើកលែងឡើយ។

លោក ដូណាល់ ត្រាំ បានដកហូតពន្ធគយលើការនាំចូលដែក និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប អាស៊ី និងប្រទេសផ្សេងទៀតក្នុងឆ្នាំ២០១៨ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។ សហភាពអឺរ៉ុបបានសងសឹកវិញដោយផ្តោតទិសដៅលើផលិតផលនានា រួមទាំងម៉ូតូ ខោខាវប៊យ និងស្រាវីស្គីផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕