(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មលើកទឹកចិត្ត ដល់ធុរជន ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលមានបំណងនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារប្រទេសផ្សេងទៀត ដែលជាសមាជិកនៃកិច្ចព្រមព្រៀង RCEP រួសរាន់ទៅសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ RCEP និង CCFTA ដើម្បីទទួលបានអត្រាអនុគ្រោះពន្ធសូន្យលើការនាំចេញទំនិញ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ប្រសិនបើអ្នកនាំចេញមិនបានស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ RCEP និង CCFTA នេះសម្រាប់ធ្វើការនាំចេញទេ នឹងមិន ទទួលបានភាពអនុគ្រោះពន្ធអត្រាសូន្យ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP នេះឡើយ។

លោកបញ្ជាក់ថា ការដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ RCEP និង CCFTA មិនមានអ្វីស្មុគស្មាញនោះទេ អ្នកនាំចេញអាចមកដាក់ពាក្យដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម តាមរយៈភ្នាក់ងារ និងអាចដាក់ពាក្យតាមរយៈអនឡាញក៏បាន ដើម្បីជាការផ្តល់ភាពងាយស្រួលដល់អ្នកនាំចេញ។

ទន្ទឹមគ្នានេះ លោកលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម ដែលផលិតទំនិញឧស្សាហកម្ម រួមមានចំណីអាហារ ឧស្សាហកម្មកែច្នៃ ខិតខំប្រឹងប្រែងពង្រីកផលិតកម្មរបស់ខ្លួន និងធ្វើពិពិធកម្មទំនិញថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ទីផ្សារ ទាំងទីផ្សារចិន និងទីផ្សារ RCEP។

«យើងពិនិត្យមើលថាទំនិញរបស់យើងទាំងទំនិញកសិផល ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មធុនស្រាល គ្រឿងបន្លាស់ ទាំងគ្រឿងបង្ខំ ទំនិញសម្លៀកបំពាក់ស្បែកជើងជាទំនិញដែលយើងធ្លាប់មានជំនាញខាងផលិត ក៏សុទ្ធតែទទួលបានអត្រាពន្ធសូន្យ។ អត្ថប្រយោជន៍មួយដែលអ្នកនាំចេញ គួរតែឆ្លៀតឱកាសនេះ នាំចេញជាអតិបរមា។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មបានរៀបចំនូវឯកសារសម្រាប់ជាជំនួយស្មារតីដល់អ្នកនាំចេញ ហើយឯកសារនេះនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ»។ លោក ប៉ែន សុវិជាតិ លើកឡើងបន្ថែម។

គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ។ កិច្ចព្រមព្រៀមទាំង២នេះ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។ កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច ដើម្បីទាញយកប្រយោជន៍កាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ដោយឡែក កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ ( RCEP) មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក ៕