(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានឱ្យដឹងថា កម្ពុជាកំពុងរង់ចាំការចុះពិធីសារបច្ចេកទេស ស្តីពីលក្ខខណ្ឌអនាម័យនាំចេញផ្លែមៀនប៉ៃលិនស្រស់ពីកម្ពុជាទៅចិន ដើម្បីអាចនាំចេញបាននៅឆ្នាំនេះ ខណៈក្រសួងក៏កំពុងពិនិត្យលទ្ធភាពក្នុងការចរចាបើកទីផ្សារដូងក្រអូង និងដំណាំមួយចំនួនទៀត បន្ទាប់ពីមៀនប៉ៃលិន។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឱ្យដឹងថា ដំណើរការចរចានាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិនបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយភាគីទាំងពីរបានឯកភាពគ្នារួចហើយ រង់ចាំតែថ្ងៃចុះពិធីសារពេលខាងមុខប៉ុណ្ណោះ។

លោករំពឹងការចុះពិធីបច្ចេកទេស ស្តីពីការនាំចេញផ្លែមៀនប៉ៃលិនស្រស់ពីកម្ពុជាទៅចិន នឹងអាចធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះ កន្លែងលាងសំអាត សម្លាប់មេរោគ និងវេចខ្ចប់មៀនប៉ៃលិន សម្រាប់ធ្វើការនាំចេញមានមួយទីតាំងនៅខេត្តប៉ៃលិន ខណៈមួយកន្លែងទៀត កំពុងដំណើរការសាងសង់នៅខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យការនាំចេញកាន់តែច្រើនឡើង។ នៅកម្ពុជាមាន ផ្ទៃដីដាំមៀនប៉ៃលិន ប្រមាណ៨ពាន់ហិកតា។

លោក តុំ សោភ័ណ្ឌ រដ្ឋបាលសមាគមមៀនប៉ៃលិន បានសម្តែងការសាទរ ដែលមៀនប៉ៃលិន អាចនាំចេញទៅចិនជាផ្លូវការនៅការនៅឆ្នាំនេះ ដែលលោករំពឹងថាទីផ្សារថ្មីនេះ នឹងអាចជួយស្រោចស្រង់ការខាតបង់របស់កសិករ ដែលជួបប្រទះទីផ្សារ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកថា សមាគមមៀនប៉ៃលិនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំចេញមៀនប៉ៃលិនទៅចិន ក្នុងនោះដែរសមាជិករបស់សមាគម បានចាប់ផ្តើមដាំដុះមៀនឱ្យស្របតាមទីផ្សារនាំចេញ ហើយចម្ការប្រមាណ៧០ បានចុះបញ្ជីអនុវត្តកសិកម្មល្អជាមួយក្រសួងកសិកររួចរាល់ហើយ និងកំពុងផ្សព្វផ្សាយបន្ថែម ដើម្បីជំរុញឱ្យម្ចាស់ចម្ការផ្សេងទៀតមកចុះបញ្ជីជាចម្ការអនុវត្តកសិកម្មល្អផងដែរ។

លោក លើកឡើងថា ក្នុងរដូវប្រមូលផលឆ្នាំនេះ ទីផ្សារមៀនប៉ៃលិនមិនសូវល្អនោះទេ ខណៈតម្លៃវិញក៏ទាបផងដែរ ដោយតម្លៃបានធ្លាក់ចុះមកត្រឹមមួយគីឡូប្រមាណ១២០០រៀលប៉ុណ្ណោះ។

លោកបន្ថែមថា «ប្រសិនបើមៀនប៉ៃលិនកម្ពុជាយើងនាំចេញទៅចិនបាន គឺបានដោះស្រាយទីផ្សារកសិករបានច្រើនមែនទែន ព្រោះរាល់ថ្ងៃយើងទាក់ទងនឹងទីផ្សារមៀនប៉ៃលិន យើងជួបបញ្ហាមែនទែន នាំចេញទៅទីផ្សារប្រទេសជិតខាងគឺយើងមិនបាននាំចេញទៅបានទៀតទេ ហើយយើងរាល់ថ្ងៃនៅតែទីផ្សារក្នុងស្រុក អីចឹងបើសិនមានទីផ្សារសម្រាប់នាំចេញទៅចិនផ្ទាល់ គឺកសិករយើងនឹងធូរស្រាលជាមួយបញ្ហាទីផ្សារ។ កសិករគាត់រង់ចាំ ឱកាសនេះ យូរមកហើយ ហើយសង្ឃឹមថាទីផ្សារចិន បើកដំណើរការទៅ គិតថានឹងស្រង់ ឬប៉ះប៉ូវនូវការខូចខាតជាច្រើនឆ្នាំរបស់គាត់»។

ទន្ទឹមគ្នានេះដែរ បន្ទាប់មៀនប៉ៃលិន កម្ពុជាកំពុងពិនិត្យលទ្ធភាព ចរចាបើកទីផ្សារសម្រាប់ដូងក្រអូប និងដំណាំសក្តានុពលមួយចំនួនទៀត ដូចជា ធុរេន ម្រេច និងស្រកានាគ។

លោក ងិន ឆាយ បញ្ជាក់ថា មិនយូរនោះទេដូងក្រអូបនឹងអាចនាំចេញទៅប្រទេសចិនបាន ហើយបច្ចុប្បន្នក្រសួងកសិកម្ម កំពុងបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដល់កសិករ និងម្ចាស់ចម្ការដាំដូងក្រអូប ដើម្បីឱ្យពួកគាត់ដាំដុះស្របតាមស្តង់ដារនាំចេញ។

លោកបានឱ្យដឹងបន្តថា «នៅក្នុងផែនការយើង វាមានដូងក្រអូប មានផ្លែធុរេន មានម្រេច ស្រកានាគ ដែលយើងលើកជាផែនការ ចិនគេបានឯកភាពហើយ ប៉ុន្តែស្រកានាគអាចមិនទៅមុខទេ ដោយសារកត្តា២ គឺការដាំដុះមានបរិមាណតិច ហើយនៅប្រទេសចិនទីផ្សារស្រកានាគមិនសូវល្អ មានប្រទេសជាច្រើននាំចូលទៅចង្អៀតទៅហើយ»៕