(ប៉េកាំង)៖ ការប្រើប្រាស់មាសក្នុងប្រទេសចិនបានមើលឃើញការស្ទុះងើបឡើងវិញខ្លាំងក្នុងឆ្នាំ២០២១ ខណៈដែលតម្រូវការកើនឡើងបន្ថែមទៀតក្នុងគ្រាដែលមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមមាសចិន (CGA) ថា ការប្រើប្រាស់មាសរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះមានចំនួនសរុប ១.១២០,៩តោនកាលពីឆ្នាំមុន កើនឡើង ៣៦,៥៣ភាគរយធៀបនឹងឆ្នាំ២០២០ ឬកើនឡើង ១១,៧៨ភាគរយធៀបនឹងឆ្នាំ២០១៩។

ទិន្នន័យដដែលនេះបានបង្ហាញទៀតថា ការប្រើប្រាស់មាសសម្រាប់ធ្វើគ្រឿងអលង្ការបានកើនឡើង ៤៥ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ៧១១,២៩តោន។

ការវិនិយោគលើមាសដុំ និងកាសមាសបានកើនឡើង ២៦,៨៧ភាគរយនៅឆ្នាំ២០២១ ដល់ ៣១២,៨៦តោន។

ត្រូវបានជំរុញដោយការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យថាមពលថ្មី និឧស្សហកម្មអេឡិចត្រូនិច ការប្រើប្រាស់មាសសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងការប្រើប្រាស់ផ្សេងទៀតក្នុងប្រទេសចិនបានហក់ឡើង ១៥,៤៤ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ៩៦,៧៥តោន។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានរាយការណ៍ទៀតថា ប្រទេសចិនផលិតមាសបានចំនួន ៣២៨,៩៨តោននៅឆ្នាំមុន ធ្លាក់ចុះ ៣៦,៣៦តោន ឬ ៩,៩៥ភាគរយធៀបនឹងឆ្នាំ២០២០៕