(ក្រុងឡុងដ៏)៖ តម្លៃប្រេងបានធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាមេរិកចេញផ្សាយទិន្នន័យការងារទាប និងសកម្មភាពទិញលក់ដើម្បីប្រាក់ចំណេញមានតិចតួច ប៉ុន្តែតម្លៃប្រេងនៅតែត្រូវបានគាំទ្រដោយការកង្វះការផ្គត់ផ្គង់ ខណៈដែលក្រុមប្រទេសផលិតប្រេង OPEC+ បានរក្សាផែនការដំឡើងផលិតកម្មប្រេងនៅដដែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ៦១សេន ឬ ០,៧ភាគរយមកនៅត្រឹម ៨៨,៨៦ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ៣១សេននៅថ្ងៃពុធ។ ប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ថ្លៃ ៦៩សេន ឬ ០,៨ភាគរយនៅត្រឹម ៨៧,៥៧ដុល្លារក្នុងមួយបារ៉ែល។

ចំនួនការងារក្នុងវិស័យឯកជនរបស់អាមេរិកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំនៅខែមករា ដែលបង្កើនហានិភ័យនៃការធ្លាក់ចុះខ្លាំងក្នុងអត្រាមានការងារធ្វើ ដែលនឹងបង្កបញ្ហាបណ្តោះអាសន្នដល់ទីផ្សារការងារ។

ប៉ុន្តែកង្វះការផ្គត់ផ្គង់ប្រេងពិភពលោក និងភាពតានតឹងផ្នែកភូមិសាស្រ្តនៅតំបន់អឺរ៉ុបភាគខាងកើត និងតំបន់មជ្ឈិមបូព៌ា បានបង្កើនតម្លៃប្រេងប្រហែល ១៥ភាគរយរហូតមកដល់ពេលនេះនៅឆ្នាំនេះ។

ប្រទេសជាសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ី ឬហៅថា OPEC+ កាលពីថ្ងៃពុធបានព្រមព្រៀងគ្នារក្សាផែនការដំឡើងទិន្នផលប្រេងឆៅចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែល បើទោះជាមានសម្ពាធពីប្រទេសប្រើប្រាស់ប្រេងធំៗឱ្យបង្កើនទិន្នផលលឿនជាងនេះក្តី។

ធនាគារ Goldman Sachs បានឱ្យដឹងថា៖ «នៅក្នុងពេលនេះ បើទោះជា OPEC+ ដំឡើងទិន្នផលប្រេងលឿនជាងនេះក៏ដោយ ក៏ការដំឡើងទិន្នផលនេះនឹងប៉ះពាល់ដល់កម្រិតសមត្ថភាពបម្រុងទុកដែលមានកម្រិតទាបខ្លាំងដែរ»។

ធនាគារ Goldman Sachs ដែលបានព្យារថា តម្លៃប្រេងឆៅប្រភេទ Brent នឹងកើនឡើងដល់ខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែលនៅត្រីមាសទី៣ ឆ្នាំនេះ បានព្យាករថា ក្រុមប្រទេស OPEC+ អាចពិចារណាអំពីការបន្ធូរការកាត់បន្ថយផលិតកម្មលឿនជាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕