(វ៉ាស៊ីនតោន)៖ សភាជាន់ទាបសហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ ពន្លឿនមួយឈ្មោះថា ច្បាប់ស្តីពីការប្រកួតប្រជែងអាមេរិក ដែលមានទឹកប្រាក់រាប់សិបប៊ីលានដុល្លារ ដែលមានបំណងបង្កើនការប្រកួតប្រជែងរបស់អាមេរិកជាមួយប្រទេសចិន និងបង្កើនការផលិតឧបករណ៍ពាក់កណ្តាលចម្លងអាមេរិក ដោយកំពុងពន្លឿនឆ្ពោះទៅរកការអនុម័តពេញលេញនៅសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មកពីគណបក្សប្រជាធិបតេយ្យបាននិងកំពុងធ្វើការងារដើម្បីបញ្ចុះបញ្ចូលសភាទាំងពីរថ្នាក់ឱ្យអនុម័តច្បាប់នេះ ដែលរួមបញ្ចូលទឹកប្រាក់ចំនួន ៥២ប៊ីលានដុល្លារដើម្បីផ្តល់ឧបត្ថម្ភធនដល់ផលិតកម្ម និងការស្រាវជ្រាវវិស័យឧបករណ៍ពាក់កណ្តាលចម្លង ខណៈដែលបញ្ហាកង្វះខាតគ្រឿងបង្គុំសំខាន់ៗដែលប្រើប្រាស់ក្នុងរថយន្ត និងកុំព្យូទ័រកាន់តែមានភាពធ្ងន់ធ្ងរដោយសារបញ្ហាចង្វាក់ផលិតកម្ម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សភាជាន់ទាបដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តច្បាប់នេះដោយសំឡេង២១៩ ទល់នឹង ២០៣។ ក្រុមអ្នកជំនួយការសភាជាន់ទាបបានឱ្យដឹងថា ពួកគេរំពឹងថានឹងមានការបោះឆ្នោតអនុម័តច្បាប់ពេញលេញនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីពិចារណាកែប្រែមួយចំនួន។

ច្បាប់ស្តីពីការប្រកួតប្រជែងអាមេរិកនេះមានបទប្បញ្ញត្តិពាណិជ្ជកម្មមួយចំនួន ហើយក៏នឹងអនុម័តទឹកប្រាក់ចំនួន ៨ប៊ីលានដុល្លារសម្រាប់ធ្វើជាវិភាគទានរបស់អាមេរិកចំពោះមូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានស្នើឱ្យមានការកែប្រែដោយដកចេញការផ្តល់មូលនិធិនេះ ចំណែកសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យចង់បង្កើនមូលនិធិនេះចំនួន ៣ប៊ីលានបន្ថែមទៀត។

អ្នកនាំពាក្យសភាលោកស្រី Nancy Pelosi បានឱ្យដឹងកាលពីសប្តាហ៍មុនថា ច្បាប់ដែលមានកម្រាស់ ២.៩០០ទំព័រនេះ នឹងជួយបង្កើនការវិនិយោគក្នុងវិស័យឈីប បង្កើនការផលិត និងការស្រាវជ្រាវអាមេរិក និងពន្លឿនភាពនាំមុខរបស់អាមេរិក ខណៈដែលកំពុងប្រជែងជាមួយប្រទេសចិនដែលកំពុងស្ទុះងើបឡើង។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា គណបក្សប្រជាធិបតេយ្យមិនបានរួមបញ្ចូលទឹកប្រាក់នេះនៅក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះទេ។ ពួកគេបានរិះគន់យ៉ាងចាស់ដៃទៅលើបទប្បញ្ញត្តិស្តីពីអាកាសធាតុ និងថា បទប្បញ្ញត្តិទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីជួយទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕