(កំពង់ស្ពឺ)៖ ដំណាំស្វាយកែវរមៀត ជាដំណាំមួយប្រភេទ ដែលប្រជាកសិករខ្មែរនិយមដាំ ព្រោះជាដំណាំដែលងាយស្រួលដាំ និងទទួលបានទិន្នផលខ្ពស់។

ភាគច្រើនផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងថៃ។ កាលពីខែឧសភា ឆ្នាំ២០២១ ផ្លែស្វាយស្រស់របស់កម្ពុជា ដែលជាស្វាយប្រភេទមានគុណភាព និងស្តង់ដារខ្ពស់ ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ប្រទេសចិន ដែលជាការបើកទីផ្សារថ្មី សម្រាប់ដំណាំស្វាយកម្ពុជា និងធ្វើឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាបន្តបន្ទាប់។

ទោះជាយ៉ាងនេះ ទីផ្សារថ្មីហាក់មិនបានជួយដោះស្រាយទីផ្សារដល់កសិករនោះទេ ក្នុងពេលរដូវប្រមូលផលកសិករនៅតែជួប បញ្ហាទីផ្សារ ដូចការធ្លាក់ចុះតម្លៃ និងសល់ចោលជាដើម។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រិចហ្វាម អេស៊ា ដែលជាក្រុមហ៊ុននាំចេញស្វាយទៅកាន់ប្រទេសចិន បានលើកឡើងថា មូលហេតុដែលធ្វើឱ្យស្វាយរបស់កសិករជួបបញ្ហាទាំងនេះ ដោយសារការដុះដាំមិនត្រូវតាមស្តង់ដារ មិនមានគុណភាព និងមិនបានភូតគាមអនាម័យ ដែលធ្វើឱ្យស្វាយទាំងនោះមិនអាចនាំចេញ បានត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះ។ តាមរយៈគម្រោងដែលលោកបានសហការជាមួយកសិករ នឹងអាចជួយដោះបញ្ហាខ្វះទីផ្សារដល់កសិករ និងជំរុញការនាំចេញផ្លែស្វាយ ទៅក្រៅប្រទេសឱ្យបានកាន់តែឡើងផងដែរ។ សំលេង

លោកបន្តថា «ក្រុមហ៊ុនរិចហ្វាមយើង ក៏អាចថាចុះទៅពិនិត្យ ហើយយើងអាចជជែកក្នុងការសហការក្នុងការផ្តល់ជាគំនិតទាំងបច្ចេកទេស ផ្តល់ជាធាតុចូល ហើយធ្វើកិច្ចសន្យាជួយប្រមូលទិញពីពួកគាត់។ ចំណុចសំខាន់យើងចង់ឱ្យពួកគាត់ធ្វើយ៉ាងណាឱ្យត្រូវជាមួយនឹងស្តង់ដារ ចឹងយើងអាចជួយប្រមូលទិញពីពួកគាត់ដើម្បីនាំចេញ»

ទីផ្សារស្វាយកាន់តែធំ កាន់តែជំរុញឱ្យកសិករបង្កើនការដាំឱ្យកាន់តែមានគុណភាព។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានថ្លែងថា ដើម្បីជំរុញការនាំឱ្យបានកាន់តែច្រើន ជាពិសេសស្របតាមការតម្រង់ទិសរបស់រាជរដ្ឋាភិបាលជំរុញការនាំចេញទៅប្រទេសចិន ក្រសួង កសិករ និងក្រុមហ៊ុនឯកជន បានសហការគ្នាយ៉ាងជិតស្និត ចាប់តាំងពីការផលិត ការផ្តល់ជំនាញក្នុងការដាំដុះដោយអនុវត្តតាមកសិកម្មល្អ រហូតដល់ការធ្វើប្រព្រឹត្តិកម្ម ដូចជាការលាងសម្អាត ការវេចខ្ចប់ និងសម្លាប់មេរោគ ដើម្បីធ្វើការនាំចេញ ដែលជាការឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់ប្រទេសចិន ខណៈដែលកន្លងមកកសិករកម្ពុជាភាគច្រើនដាំដុះ តាមរបៀបប្រទេសជិតខាង មិនបានយកចិត្តទុកដាក់លើបច្ចេកទេសការដាំដុះ និងកម្រិតនៃការប្រើថ្នាំ ឬជីឡើយ។

ជាមួយគ្នានេះ ដើម្បីឱ្យផ្លែស្វាកម្ពុជា អាចនាំចេញបានគ្រប់រដូវកាល និងទទួលបាននូវតម្លៃខ្ពស់ លោកបានជំរុញឱ្យកសិករធ្វើស្វាយខុសរដូវ ដែលប្រមូលផលក្នុងអំឡុងខែតុលា និងវិច្ឆិកា ជាខែដែលស្វាយទទួលបានតម្លៃថ្លៃនៅប្រទេសចិន។

លោក គឹម ឡោម កសិករដាំស្វាយកែវរមៀត ដែលមានផ្ទៃដីដាំស្វាយ១៦ហិចតា នៅខេត្តកំពង់ធំ បានឱ្យដឹងថា បន្ទាប់ពីមានរាតត្បាតនៃជំងឺ១៩ បានធ្វើឱ្យលោកជួបបញ្ហាទីផ្សារ ដោយសារតែគ្មានឈ្មួញពីប្រទេសវៀតណាម ដើរប្រមូលទិញដូចមុន ដែលបញ្ហានេះបានធ្វើឱ្យតម្លៃស្វាយនៅឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំង ខណៈជី និងថ្នាំកសិកម្ម និងថ្លៃពលកម្មឡើងថ្លៃយ៉ាងគំហុក។

លោកបន្តថា ប្រសិនមានទីផ្សារច្បាស់លាស់ លោកនឹងពិចារណា ក្នុងវិនិយោគលើទៅការដាំដុះ ឱ្យស្របតាមទីផ្សារនាំចេញ។

បើតាមអ្នកជំនាញ ក្នុងការដាំដុះស្វាយ ទាំងស្វាយរដូវ និងស្វាយខុសរដូវ ឱ្យត្រូវនឹងស្ដង់ដារខ្ពស់សម្រាប់នាំចេញ កសិករត្រូវរៀបចំប្រព័ន្ធស្រោចស្រព ឱ្យបានត្រឹមត្រូវ ការមើលថែ ការកំណត់ពេលវេលាការវេចខ្ចប់នៅលើដើម និងប្រមូលផលជាដើម ពិសេសម្ចាស់ចម្ការស្វាយត្រូវ ចុះបញ្ជីចម្ការស្វាយជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តកសិកម្មល្អ (CamGAP) ។

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា កម្ពុជាមិនត្រូវពឹងផ្អែកលើទីផ្សារប្រទេសចិនតែមួយនោះទេ ត្រូវតែធ្វើពិពិធកម្មទីផ្សារ។ លោកបន្តថា បច្ចុប្បន្នបន្ថែមពីលើទីផ្សារប្រទេសចិន ស្វាយកម្ពុជាបានចាប់ផ្តើមនាំចេញជាបណ្តើៗ ហើយទៅប្រទេសរុស្ស៊ី ហើយដំណើរទស្សនកិច្ចរបស់អគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា នឹងអាចជំរុញស្វាយកម្ពុជានាំចេញទៅអាល្លឺម៉ង់ និងអឺរ៉ុបផងដែរ។

កាលពីឆ្នាំ២០២១ កម្ពុជាបានចេញស្វាយបានប្រមាណជាង២៤ម៉ឺនតោន ក្នុងនោះនាំចេញទៅប្រទេសក្នុងចំនួន៤៧៧១តោន។

បន្ទាប់ពីស្វាយកម្ពុជាបាននាំចេញទៅចិនជាផ្លូវការ បច្ចុប្បន្ននេះក្រុមហ៊ុននាំចេញដែលមានកន្លែងលាងសំអាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្មមានចំនួន៥ ចំណែកកសិដ្ឋានដែលអនុវត្តតាមគោលការណ៍កសិកម្មល្អ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្ម មានចំនួន៥០ ដែលមានផ្ទៃដីជាង២ម៉ឺនហិកតា ក្នុងចំណោមផ្ទៃដីដាំស្វាយសុរបជាង១០ម៉ឺនហិកតា ៕